ប្រធានាធិបតី ហ្សេឡែនស្គី បន្តស្នើឱ្យមានជំនួបជាមួយសមភាគីរុស្ស៊ី លោក ពូទីន និងអះអាងថា នេះគឺជាវិធីតែមួយគត់ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនាបច្ចុប្បន្ន។
«ខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីជួបគាត់» ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ថ្លែងកាលពីថ្ងៃទី ២០ មីនា នៅលើទូរទស្សន៍ CNN។ «បើសិនមានឱកាសតែ ១% ដើម្បីបញ្ចប់សង្គ្រាម យើងត្រូវចាប់យកវា ដើម្បីឆ្ពោះទៅកាន់កិច្ចចរចា និងផ្លាស់ប្ដូរយោបល់ជាមួយ ប្រធានាធិបតី ពូទីន»។
លោក ហ្សេឡែនស្គី សង្កត់ធ្ងន់ថា កិច្ចចរចារវាងមេដឹកនាំកំពូលទាំងពីរ គឺជាវិធីតែមួយគត់ដើម្បីបញ្ចប់សង្គ្រាម។ «មានតែយើង ២ នាក់ ខ្ញុំ និងលោក ពូទីន ប៉ុណ្ណោះ ទើបអាចសម្រេចបានកិច្ចព្រមព្រៀងនេះ»។
ប្រធានាធិបតីអ៊ុយក្រែន ព្រមានថា បើសិនការប្រឹងប្រែងក្នុងការចរចាទាំងនេះបរាជ័យ «ប្រការនោះមានន័យថា សង្គ្រាមលោកលើកទី ៣ នឹងផ្ទុះឡើង» មុននោះ លោក ហ្សឡែនស្គី ក៏ធ្លាប់បាននិយាយច្រើនលើកហើយថា សង្គ្រាមជាមួយ រុស្ស៊ី បច្ចុប្បន្ន មានហានិភ័យរីករាលដាលទៅជាសង្គ្រាមសកល។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក៏ធ្លាប់បាននិយាយថា ការដែល អ៊ុយក្រែន ទទួលស្គាល់តំបន់ផ្ដាច់ខ្លួន Donetsk និង Luhansk គឺជាលក្ខខណ្ឌដើម្បីសម្រេចបានកិច្ចព្រមព្រៀង។ ចំណែក ប្រធានាធិបតីអ៊ុយក្រែន ប្រកាសថា នឹងបដិសេធប្រការនេះ។