Skip to content

អង់គ្លេស ជិត​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុម​ឧកញ៉ា មហាសេដ្ឋី និង​អ្នកមានអំណាច ខ្ទង់រយ​នាក់ នៅ រុស្ស៊ី

ឧកញ៉ា មហាសេដ្ឋី និង​អ្នកមានអំណាច ចំនួន​រាប់រយ​នាក់ នៅ រុស្ស៊ី នឹងត្រូវ​រង​ការដាក់ទណ្ឌកម្ម​ពី រដ្ឋាភិបាល​អង់គ្លេស បន្ទាប់ពី អង់គ្លេស អនុម័ត​សេចក្ដីព្រាងច្បាប់​មួយ​ដែល​សំដៅលើ​ទ្រព្យសម្បត្តិ ប្រាក់កាស​របស់​ក្រុម​នេះ។

សារព័ត៌មាន Dailymail បាន​រាយការណ៍​ថា ទណ្ឌកម្ម​នឹងធ្វើ​ឱ្យ​ទ្រព្យសម្បត្តិ​របស់​បុគ្គល និង​ស្ថាប័ន​ជាច្រើន​របស់ រុស្ស៊ី ត្រូវបាន​បង្កក ក្នុង​គ្រា​ដែល រដ្ឋាភិបាល​អង់គ្លេស ត្រៀម​យកពន្ធ​លើ​ទំនិញ​ច្រើន​មុខ​របស់ រុស្ស៊ី ក្នុងនោះ​មាន​ស្រា vodka និង​ពងត្រី​ប្រៃ​ផងដែរ។

រាជវាំង​អង់គ្លេស បាន​គាំទ្រ​ដល់​សេចក្ដីព្រាងច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច ក្នុងពេលដែល​សភា​ជាន់​ទាប​អង់គ្លេស ធ្វើការ​រហូតដល់​ពាក់​កណ្ដាលយប់ ដើម្បី​ធានាថា វិធានការ​ទាំងនេះ​បាន​ក្លាយជា​ច្បាប់។

រដ្ឋាភិបាល​អង់គ្លេស គ្រោង​នឹង​ប្រកាស​វិធានការ​មួយចំនួន​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​យុទ្ធនាការ​យោធា​ពិសេស​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។

យោងតាម​សេចក្ដីព្រាងច្បាប់​ថ្មី អង់គ្លេស នឹង​បង្កើត​ប្រព័ន្ធ​ថ្មី​មួយ​ដើម្បី​ចុះបញ្ជី​ស្ថាប័ន​បរទេស តម្រូវឱ្យ​ម្ចាស់​អចលនទ្រព្យ​បរទេស​នៅ អង់គ្លេស រាយការណ៍​អំពី​អត្តសញ្ញាណ​ពិត។ ប្រព័ន្ធ​នេះ​នឹង​ត្រូវធ្វើ​បច្ចុប្បន្នភាព​ប្រចាំឆ្នាំ និង​មានការ​ដាក់ពិន័យ​លើ​បុគ្គល​ដែល​មិនបាន​របាយការណ៍​លម្អិត ឬ​ផ្ដល់ព័ត៌មាន​មិន​ត្រឹមត្រូវ។ បុគ្គល ឬ​ស្ថាប័ន​ដែល​អនុវត្ត​ខុសច្បាប់​នេះ​នឹងត្រូវ​បង្កក​ទ្រព្យសម្បត្តិ ដោយ​មិនអាច​លក់ ឬ​ជួល​អចលនទ្រព្យ​ឱ្យ​អ្នកផ្សេង។

មហា​សេដ្ឋីរុស្ស៊ី លោក Mikhail Fridman និង​លោក​ Petr Aven

សេចក្ដីព្រាងច្បាប់​ខាងលើ​នឹង​ជួយ​ឱ្យ រដ្ឋាភិបាល​អង់គ្លេស មាន​ភាពងាយស្រួល​ក្នុងការ​អនុវត្ត​វិធានការ​ពិន័យ​លើ​ក្រុម​មហាសេដ្ឋី និង​អ្នកមានអំណាច​រុស្ស៊ី ដែល​ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

រដ្ឋាភិបាល​អង់គ្លេស ក៏​គ្រោង​នឹង​យកពន្ធ​តម្លៃ ៥ ពាន់​លាន​ផោន ចំពោះ​ស្រា vodka, រោមសត្វ និង​ទំនិញ​ជាច្រើន​ទៀត​របស់ រុស្ស៊ី នៅក្នុង​ក្របខណ្ឌ​នៃ​ការដាក់ទណ្ឌកម្ម​ថ្មី។ ទំនិញប្រណិត តម្លៃ​ថ្លៃ​របស់ រុស្ស៊ី មានដូចជា ពងត្រី​ប្រៃ និង​ត្បូង​ពេជ្រ​ជាដើម ក៏​នឹង​ត្រូវបាន​ហាមឃាត់។

មហាសេដ្ឋី​រុស្ស៊ី ជាច្រើនរូប ដូចជា Milhail Fridman ឬ Petr Aven និង​អ្នកនយោបាយ​ជាន់ខ្ពស់​ដូចជា អ្នកនាំពាក្យ Dmitry Peskov របស់ ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន ជាដើម ក៏​អា​ចរង​ទណ្ឌកម្ម​ពី​ច្បាប់​ថ្មី​របស់ អង់គ្លេស៕

Leave a Reply

Your email address will not be published. Required fields are marked *