Skip to content

រុស្ស៊ី ថា កម្លាំង​ផ្ដាច់ខ្លួន ដណ្ដើមបាន​ទីក្រុង​មួយទៀត​របស់ អ៊ុយ​ក្រែ​ន

ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត Donetsk ដណ្ដើមបាន​ទីក្រុង Volnovakha នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន ក្រោយ​ការប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជាង ២ សប្ដាហ៍។

ឧ​ត្ត​ម​សេនីយ៍​ទោ Igor Konashenkov អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី កាលពី​ថ្ងៃទី ១១ មីនា បានប្រកាសថា ក្រុម​ទាហាន​របស់​សាធារណរដ្ឋ​ប្រជាមានិត Donetsk បាន «រំដោះ» ទីក្រុង Volnovakha និង​តំបន់​ប្រជុំជន​មួយចំនួន​នៅ​ជុំវិញ​ទីក្រុង​នេះ។ សាធារណរដ្ឋ​ប្រជាមានិត Donetsk ត្រូវបាន​ផ្ដាច់ខ្លួន និង​បង្កើតឡើង​នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន ហើយ​ទើប​ត្រូវបាន រុស្ស៊ី ទទួលស្គាល់​កាលពីពេលថ្មីៗនេះ។

Volnovakha ជាទី​ក្រុង​ដែលមាន​ផ្ទៃក្រឡា​ប្រហែល ២១ គីឡូម៉ែត្រ និង​មាន​ប្រជាជន​សរុប​ជិត ២២,០០០ នាក់ ហាក់​ត្រូវបាន​ឡោមព័ទ្ធ​តាំងតែ​ពីថ្ងៃ​ដែល រុស្ស៊ី ចាប់ផ្ដើម​យុទ្ធនាការ​យោធា នៅ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ។ ការប្រយុទ្ធ​ដណ្ដើម​កាន់កាប់​ទីក្រុង​នេះ កើតឡើង​យ៉ាង​ខ្លាំងក្លា នៅ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ។

ឧ​ត្ត​ម​សេនីយ៍ Konashenkov បន្ថែមថា បច្ចុប្បន្ន កម្លាំង​ផ្ដាច់ខ្លួន Donetsk សម្រុក​ទៅមុខ​បាន​ប្រហែល ៦ គីឡូម៉ែត្រ​ទៀត និង​បន្ត​ឡោមព័ទ្ធ Mariupol ជាទី​ក្រុង​នៅ​ភាគខាងត្បូង ធៀប​នឹង​ទីក្រុង Volnovakha របស់ អ៊ុយ​ក្រែ​ន។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ ហ្សេឡែនស្គី​ កាលពី​ថ្ងៃទី ១១ មីនា ថ្លែងថា ក្បួន​រថយន្ត​ជំនួយ​មនុស្សធម៌ មិនអាច​ចូលទៅក្នុង​ទីក្រុង Volnovakha ប៉ុន្តែ មិនបាន​ទទួលស្គាល់ថា ទីក្រុង​នេះ​ត្រូវបាន​ធ្លាក់​ទៅលើ​ដៃ​របស់​កងទ័ព​ផ្ដាច់ខ្លួន Donetsk នោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *