រាជរដ្ឋាភិបាលជប៉ុន ផ្ដល់ប្រាក់ជំនួយដល់និស្សិតអន្តរជាតិជួបការលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងម្នាក់ ៨៦០ ដុល្លារអាម៉េរិក នៅពេលពួកគេចូលមកសិក្សានៅប្រទេសនេះ នៅក្នុងខែមីនា។
សារព័ត៌មាន NHK កាលពីថ្ងៃទី ១០ មីនា បានឱ្យដឹងថា និស្សិតគ្រប់រូបដែលចូលមកសិក្សាក្នុង ប្រទេសជប៉ុន ចាប់ពីថ្ងៃនេះដល់ចុងខែ នឹងទទួលបានជំនួយជាប្រាក់ ១០០,០០០ យ៉េន (៨៦០ ដុល្លារអាម៉េរិក) បើសិនជាមានលក្ខខណ្ឌគ្រប់គ្រាន់។ ខ្ទង់ជំនួយនេះត្រូវបានប្រគល់ជូននិស្សិតដែលជួបការលំបាកផ្នែកសេដ្ឋកិច្ច ដោយសារតែពិបាករកការងារបន្ថែម ព្រោះផលប៉ះពាល់ពី កូវីដ-១៩ ឬមូលហេតុផ្សេង។
ជប៉ុន បានបន្ធូរបន្ថយវិធានការរឹតបន្តឹងព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ចាប់ពីថ្ងៃទី ១ មីនា ដោយអនុញ្ញាតឱ្យជនបរទេសមិនមែនជាទេសចរ ចូលមកប្រទេសនេះ។
ប្រាក់ជំនួយ ៨៦០ ដុល្លារ/និស្សិតម្នាក់ខាងលើនេះ នឹងត្រូវបានផ្ទេរទៅឱ្យនិស្សិតនៅចុងខែនេះ ក្រោយពីក្រុមមន្ត្រីជប៉ុន បានពិនិត្យពាក្យចុះឈ្មោះរួចរាល់។
ជប៉ុន បច្ចុប្បន្ន មានគម្រោងអនុញ្ញាតឱ្យនិស្សិតបរទេសប្រហែល ១០,០០០ នាក់ ចូលមកប្រទេសនេះជារៀងរាល់សប្ដាហ៍ នៅក្នុងផែនការគោលដៅទទួលនិស្សិត ១១០,០០០ នាក់ ដែលធ្លាប់ត្រូវបានជប៉ុនបដិសេធ ព្រោះវិបត្តិសុខភាព។ គម្រោងនេះនឹងត្រូវបានអនុវត្តចាប់ពីពាក់កណ្ដាលខែមីនា នៅពេលវិធានការរឹតបន្តឹងព្រំដែនត្រូវបានបន្ធូរបន្ថយជាបន្ត៕