ទីប្រឹក្សាសេដ្ឋកិច្ចរបស់ រដ្ឋាភិបាលអ៊ុយក្រែន បានឱ្យដឹងថា រយៈពេល ២ សប្ដាហ៍ដែលរងការឈ្លានពានពី ប្រទេសរុស្ស៊ី អ៊ុយក្រែន ត្រូវខាតបង់យ៉ាងតិច ១០០ ពាន់លានដុល្លារអាម៉េរិក។
Oleg Ustenko ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃទី ១០ មីនា ថ្លែងថា ជម្លោះប្រដាប់អាវុធដែលបង្កឡើងដោយ រុស្ស៊ី ថែមទាំងបានធ្វើឱ្យក្រុមហ៊ុនរបស់ អ៊ុយក្រែន ប្រមាណ ៥០% ត្រូវបិទទ្វារទាំងស្រុង ក្នុងគ្រាដែលពាក់កណ្ដាលទៀត ត្រូវដំណើរការក្រោមផលិតភាព។
ថ្លែងនៅក្នុងព្រឹត្តិការណ៍អនឡាញមួយដែលរៀបចំដោយ វិទ្យាស្ថានអន្តរជាតិសេដ្ឋកិច្ច Peterson លោក Ustenko ក៏បានបញ្ជាក់ថា តួលេខនៃការខាតបង់ ១០០ ពាន់លានដុល្លារនេះ ទើបតែជាការ «ប៉ាន់ស្មាន» ដំបូង ប៉ុណ្ណោះ ដែលរួមមានការខូចខាតទាក់ទងនឹងផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សម្ភារៈ និងទ្រព្យសម្បត្តិរូបីផ្សេងទៀត។
យោងតាមលោក Ustenko ថវិកាបម្រុងរបស់ រដ្ឋាភិបាលអ៊ុយក្រែន បច្ចុប្បន្ន មានប្រហែល ២៧.៥ ពាន់លានដុល្លារអាម៉េរិក ថយចុះបន្តិច ធៀបនឹងជិត ៣០ ពាន់លានដុល្លារ នៅមុនសង្គ្រាមជាមួយ រុស្ស៊ី។