នាវាមុជទឹក S២៦T ដំបូងរបស់ ប្រទេសថៃ កំពុងត្រូវបានសាងសង់ដោយពុំមានម៉ាស៊ីន ព្រោះតែ អាល្លឺម៉ង់ បដិសេធការបញ្ជូនសម្ភារមកឱ្យ ចិន។
Yutthapong Charathien តំណាងរាស្ត្របក្ស ភឿថៃ កាលពីចុងខែមុនបានឱ្យដឹងថា រោងចក្រសាងសង់កប៉ាល់ចិន កំពុងជួបការលំបាកនៅក្នុងការប្រឹងប្រែងទិញគ្រឿងម៉ាស៊ីនម៉ាស៊ូត ពីក្រុមហ៊ុន MTU របស់ អាល្លឺម៉ង់ បង្កហានិភ័យយឺតយ៉ាវក្នុងការប្រគល់នាវាមុជទឹក S២៦T ដែលមានតម្លៃ ៤០៨ លានដុល្លារ ឱ្យ ប្រទេសថៃ។
«ហេតុអ្វី ថៃ មិនចុះកិច្ចព្រមព្រៀងជាមួយប្រទេសដែលអាចផលិតដោយផ្ទាល់ខ្លួននូវគ្រឿងម៉ាស៊ីនសម្រាប់នាវាមុជទឹក? ហេតុអ្វី កងទ័ពជើងទឹកថៃ នៅតែរំពឹងលើគម្រោងទិញនាវាមុជទឹក ២ គ្រឿងទៀត ខណៈដែលគ្រឿងដំបូងនៅមិនទាន់មានគ្រឿងម៉ាស៊ីន? ខ្ញុំយល់ថា កិច្ចព្រមព្រៀងនេះមិនមានតម្លាភាព» Yutthapong Charathien តំណាងរាស្ត្របក្ស ភឿថៃ ថ្លែងដូច្នេះ។
តំណាងរាស្ត្ររូបនេះក៏បានព្រមានអំពីលទ្ធភាពដែលនាវាមុជទឹក S២៦T របស់ ថៃ នឹងត្រូវប្រើប្រាស់គ្រឿងម៉ាស៊ីនរបស់ ចិន ជំនួសឱ្យផលិតផលរបស់ អាល្លឺម៉ង់ ដូចដែលបានព្រមព្រៀង។
មន្ត្រីអនុព័ន្ធយោធារបស់ អាល្លឺម៉ង់ ប្រចាំប្រទេសថៃ Philipp Doert សង្កត់ធ្ងន់ថា ក្រុងបែរឡាំង បដិសេធនាំចេញគ្រឿងម៉ាស៊ីន MTU ព្រោះតែវានឹងត្រូវបានប្រើប្រាស់ក្នុងផលិតផលយោធារបស់ ទីក្រុងប៉េកាំង។ «ចិន មិនបានសួរយោបល់ ឬទាក់ទង អាល្លឺម៉ង់ មុនពេលចុះកិច្ចព្រមព្រៀងជាមួយ ប្រទេសថៃ ក្នុងនោះមានប្រការដែលចែងថា បំពាក់គ្រឿងម៉ាស៊ីន របស់ អាល្លឺម៉ង់» លោក Philipp ថ្លែងដូច្នេះ។
រាជរដ្ឋាភិបាលថៃ កាលពីឆ្នាំ ២០១៦ បានយល់ព្រមលើគម្រោងចំណាយ ៣៦ ពាន់លានបាត (១.១ ពាន់លានដុល្លារ) ក្នុងរយៈពេល ១១ ឆ្នាំ ដើម្បីទិញនាវាមុជទឹក S២៦T របស់ ចិន។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៧ ក្រោយពី រដ្ឋាភិបាលថៃ បានអនុម័តថវិកា ៤៤០ លានដុល្លារ សម្រាប់ទិញនាវាមុជទឹក ១ គ្រឿងដំបូង។ នាវានេះបានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ ២០១៨ ហើយគ្រោងនឹងប្រគល់ឱ្យ ថៃ ក្នុងឆ្នាំ ២០២៤។
ឆ្នាំ ២០២០ សភាថៃ បានអនុម័តបញ្ជាទិញនាវាមុជទឹកចិន ២ គ្រឿងទៀត ក្នុងតម្លៃ ២២.៥ ពាន់លានបាត (៧២៤ លានដុល្លារ)។ ប៉ុន្តែ ឥរិយាបថនេះ ទទួលបានការជំទាស់ពី ប្រជាជន ព្រោះកាលនោះ ថៃ កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ព្រោះតែ កូវីដ-១។
ថ្មីៗនេះ កងទ័ពថៃ បានពន្យារសំណើចំណាយថវិកាសម្រាប់នាវាមុជទឹក ២ គ្រឿងបន្ទាប់ ដោយលើកមូលហេតុ្ថា «ស្ថានភាពសេដ្ឋកិច្ចថៃ» មិនទាន់មានអំណោយផល៕