នាថ្ងៃទី ១០ មីនា ២០២២ សភារបស់ ប្រទេសហុងគ្រី បានបោះឆ្នោតជ្រើសរើសអតីតរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការគ្រួសារ លោកស្រី Katalin Novak ឱ្យធ្វើជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ។ នេះគឺជាលើកដំបូងហើយដែល ហុងគ្រី មានប្រធានាធិបតីជាស្ត្រីភេទ។
នៅក្នុងការបោះឆ្នោតនៅសភា លោកស្រី Novak បានទទួលសន្លឹកឆ្នោតគាំទ្រចំនួន ១៣៧ សំឡេង និងប្រឆាំង ៥១ សំឡេង ដូច្នេះលោកបានយកឈ្នះលើគូប្រជែង Peter Rona ដែលជាសេដ្ឋវិទូមួយរូប។ លោកស្រី Novak នឹងឡើងកាន់អំណាចបន្តពីលោក Janos Ader ដែលនឹងត្រូវអស់អាណត្តិទី ២ របស់លោក នៅថ្ងៃទី ១០ ឧសភាខាងមុខ។
លោកស្រី Novak វ័យ ៤៤ ឆ្នាំ នឹងក្លាយជាប្រធានាធិបតីក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ ហុងគ្រី និងជាប្រធានាធិបតីស្រីដំបូងគេនៅក្នុង សហភាពអឺរ៉ុប (EU)។
ការបោះឆ្នោតប្រធានាធិបតីខាងលើ ត្រូវបានធ្វើឡើងនៅក្នុងគ្រាដែលនៅសល់តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបោះឆ្នោតសភា (៣ មេសា) នៅប្រទេសនេះ។ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានចាប់ផ្ដើមយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយសង្ឃឹមថា នឹងបានជាប់ឆ្នោតនៅក្នុងអាណត្តិទី ៤ របស់លោក ជាបន្តទៀត៕