ប្រជាពលរដ្ឋកូរ៉េខាងត្បូង ថ្ងៃនេះត្រូវចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមនឹងការឆ្លងរាលដាលនៃ វីរុសកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ។
បណ្ដាទីតាំងបោះឆ្នោតនៅ កូរ៉េខាងត្បូង បានបើកទ្វារនៅវេលាម៉ោង ៦ ព្រឹកថ្ងៃនេះ (ម៉ោង ៨ នៅ ភ្នំពេញ) ដើម្បីឱ្យប្រជាពលរដ្ឋចូលមកបោះជ្រើសរើសប្រធានាធិបតីថ្មី។ បេក្ខភាពប្រធានាធិបតីដែលលេចធ្លោជាងគេគឺ លោក Lee Jae-myung អាយុវ ៥៧ ឆ្នាំ មកពីបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច និង លោក Yoon Suk-yeol អាយុ ៦១ ឆ្នាំ មកពីបក្ស កម្លាំងប្រជាជន ដែលជាបក្សប្រឆាំង។
ជាមធ្យម អត្រានៃម្ចាស់ឆ្នោតដែលចេញទៅជ្រើសរើសប្រធានាធិបតីថ្មីនៅទូទាំងប្រទេសគឺ ៥% ថយចុះបន្តិច ធៀបនឹង ៥.៦% កាលពីឆ្នាំ ២០១៧។
កូរ៉េខាងត្បូង មុននេះ មានពលរដ្ឋឆាប់ចេញទៅបោះឆ្នោតក្នុងអត្រាខ្ពស់បំផុត។ ពលរដ្ឋជាង ១៦ លាននាក់ ជិតស្មើនឹង ៣៧% ក្នុងចំណោមម្ចាស់ឆ្នោត ៤៤ លាននាក់ របស់ប្រទេសនេះ បានចូលរួមបោះឆ្នោតមុនកាលកំណត់ កាលពីចុងសប្ដាហ៍កន្លង។
លោក Lee Jae-myung ដែលជាបេក្ខភាពប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ ដែលជាបក្សកាន់អំណាច យល់ថា មេដឹកនាំមួយរូបដែលប្រកបដោយថាមពល នឹងសម្រេចកិច្ចការគ្រប់យ៉ាងបានល្អ ទាំងនៅក្នុងវិស័យសេដ្ឋកិច្ច ទាំងក្នុងវិស័យទំនាក់ទំនងការទូត។
ចំណែកលោក Yoon Suk-yeol ដែលជាបេក្ខភាពរបស់បក្សកម្លាំងប្រជាជន បានលើកយកបញ្ហាយុត្តិធម៌ គោលការណ៍ និងអំណាចនៃច្បាប់ ក៏ដូចជាបង្កើនការរិះគន់ចំពោះគោលនយោបាយរបស់ប្រធានាធិបតីជិតផុតអាណត្តិ Moon Jae-in ដើម្បីទាក់ទាញម្ចាស់ឆ្នោត។
កូរ៉េខាងត្បូង គិតមកដល់បច្ចុប្បន្ន បានរកឃើញអ្នកវិជ្ជមាននឹង កូវីដ-១៩ សរុបជិត ៥ លាននាក់ និងស្លាប់ជាង ៩,០០០ នាក់ ក្នុងនោះ ករណីឆ្លងថ្មីនៅប្រទេសនេះ មានជំនួនជាង ២០០,០០០ នាក់ ជារៀងរាល់ថ្ងៃ៕