Skip to content

អាម៉េរិក យល់ព្រម​ឱ្យ ប៉ូឡូញ ផ្ដល់​​យន្តហោះ​ចម្បាំង​ឱ្យ អ៊ុយ​ក្រែ​ន

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក បាន​និយាយថា សហរដ្ឋ​អាម៉េរិក បាន «បើកភ្លើង​ខៀវ» ឱ្យ ប៉ូឡូញ ដែលជា​សមាជិក​របស់ ណា​តូ ជញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន (ប៉ូឡូញ) ទៅឱ្យ អ៊ុយ​ក្រែ​ន ហើយ ក្រុង​វ៉ា​ស៊ី​ង​តោន នឹង​ផ្ដល់​យន្តហោះ​ផ្សេង​ទៅឱ្យ ប៉ូឡូញ វិញ។

ដំណឹង​ខាងលើ​ត្រូវបាន​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក Antony Blinken លើកឡើង​នៅក្នុង​កិច្ច​សម្ភាស​កាលពី​ថ្ងៃទី ៦ មីនា បន្ទាប់ពី មេដឹកនាំ​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ឱ្យ អាម៉េរិក ដាក់ទណ្ឌកម្ម​ឱ្យ​ធ្ងន់ធ្ងរ​ជាង​បច្ចុប្បន្ន​ទៅលើ រុស្ស៊ី និង​បង្កើន​ជំនួយ​ផ្នែក​ការពារជាតិ​ដល់ ទីក្រុង​កៀវ។

មុន​នោះ លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​តឿន​ឱ្យ អាម៉េរិក បង្កើត​តំបន់​ហាម​ហោះហើរ​នៅ អ៊ុយ​ក្រែ​ន ផងដែរ ប៉ុន្តែ ក្រុង​វ៉ា​ស៊ី​ង​តោន និង ណា​តូ ធ្លាប់បាន​ផាត់​ចោល​លទ្ធភាព​នេះ ព្រមទាំង​ប្រកាសថា នឹងមិន​បញ្ជូនទាហាន​ទៅ​ចូលរួម​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

យ៉ាងណាក៏ដោយ ការដែល អាម៉េរិក «បើកភ្លើង​ខៀវ» ឱ្យ​ជញ្ជូន​យន្តហោះ​ចម្បាំង​ទៅឱ្យ អ៊ុយ​ក្រែ​ន ក៏ ណា​តូ នឹងត្រូវ​ជាប់​ឧបសគ្គធំៗពីរ​គឺ ការស្វែងរក​ប្រភេទ​យន្តហោះ​ដែល​ទាហាន​របស់ អ៊ុយ​ក្រែ​ន អាច​បញ្ជា​បាន និង​ការស្វែងរក​ប្រទេស​ដែល​ស្ម័គ្រចិត្ត​ផ្ទេរ​យន្តហោះ​ចម្បាំង​របស់ខ្លួន​ទៅឱ្យ ទីក្រុង​កៀវ។

Leave a Reply

Your email address will not be published. Required fields are marked *