រដ្ឋមន្ត្រីការបរទេសអាម៉េរិក ឱ្យដឹងថា ក្រុមមន្ត្រីអ៊ុយក្រែន បានត្រៀមជាស្រេចនូវផែនការធានាលើភាពរលូតនៃដំណើរការរបស់រដ្ឋាភិបាល បង្ការករណីប្រធានាធិបតី ហ្សេឡែនស្គី ត្រូវបានគេធ្វើឃាត។
«ភាគីអ៊ុយក្រែន ត្រៀមផែនការរួចហើយដើម្បីធានានូវភាពរហូតរបស់រដ្ឋាភិបាល ដោយវិធីសាស្ត្រនេះ ឬវិធីនោះ» លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី ៦ មីនា ប៉ុន្តែ មិនបាននិយាយអំពីព័ត៌មានលម្អិតអំពីផែនការបង្ការក្នុងករណីលោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ជួបបញ្ហា។
ប្រធានាធិបតីអ៊ុយក្រែន ធ្លាប់បានទទួលស្គាល់ថា លោកគឺជា «គោលដៅទីមួយ» ហើយគ្រួសាររបស់លោកគឺជា «គោលដៅទីពីរ» រាប់ចាប់តាំងពី រុស្ស៊ី បានប្រកាសចូលឈ្លានពាន អ៊ុយក្រែន។ ក៏ប៉ុន្តែ លោក ហ្សេឡែនស្គី ក៏ធ្លាប់បានបដិសេធសំណើរបស់ សហរដ្ឋអាម៉េរិក ផងដែរ ដែលចង់ជម្លៀសខ្លួនលោកចេញពី អ៊ុយក្រែន ដោយអះអាងថា នឹងក្រាញននៀលនៅក្នុងប្រទេស និងតស៊ូជាមួយប្រជាជនរបស់លោក។
ការថ្លែងរបស់ រដ្ឋមន្ត្រីការបរទេសអាម៉េរិក ត្រូវបានលើកឡើងនៅពេលដែល ប្រធានាធិបតីរុស្ស៊ី លោក ពូទីន កាលពីថ្ងៃទី ៦ មីនា បានថ្លែងថា នឹងមិនបញ្ចប់យុទ្ធនាការយោធា រហូតដល់ អ៊ុយក្រែន បញ្ឈប់សកម្មភាពតតាំង និងអនុវត្តតាមសំណើរបស់ រុស្ស៊ី ក្នុងនោះ ក្រុងមូស្គូ បានស្នើឱ្យ អ៊ុយក្រែន នៅជាប្រទេសអព្យាក្រឹតរវាងលោកខាងលិច និង រុស្ស៊ី ។ល។