ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន លើកឡើងនូវលក្ខខណ្ឌដើម្បីបញ្ចប់យុទ្ធនាការយោធារបស់ខ្លួននៅ អ៊ុយក្រេន ក្នុងគ្រាដែលសកម្មភាពជម្លៀសប្រជាជននៅ Mariupol ត្រូវបានលុបចោលជាបន្តបន្ទាប់។
លោក ពូទីន កាលពីថ្ងៃទី ៦ មីនា បានប្រាប់ ប្រធានាធិបតីតួកគឺ ថា យុទ្ធនាការយោធានៅ អ៊ុយក្រែន កំពុងដំណើរការដូចផែនការ ហើយថានឹងមិនបញ្ចប់ រហូតដល់ អ៊ុយក្រែន បញ្ឈប់សកម្មភាពយោធា និងអនុវត្តសំណើរបស់ មូស្គូ។ លោកថា «អ៊ុយក្រែន កំពុងរកវិធីដើម្បីអូសបន្លាយការចរចា ដើម្បីមានពេលប្រមូលកម្លាំង។ នោះគឺជាការប្រឹងប្រែងដែលគ្មានប្រយោជន៍»
យ៉ាងហោច មានប្រជាជនស៊ីវិលនៅ អ៊ុយក្រែន ៣៦៤ នាក់ បានស្លាប់ និងជាង ៧០០ នាក់រងរបួស ចាប់តាំងពី រុស្ស៊ី ចូលឈ្លានពាន ប៉ុន្តែ អង្គការសហប្រជាជាតិបានព្រមានថា តួលេខពិតអាចខ្ពស់ជាងនេះ ខណៈដែលមនុស្សជាង ១.៥ លាននាក់ បានភៀសខ្លួនចេញពី អ៊ុយក្រែន។