ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានឱ្យដឹងថា គ្រួសាររបស់ ទាហានរុស្ស៊ី ដែលស្លាប់នៅ អ៊ុយក្រែន នឹងទទួលបាន ៧ លានរូប្លរុស្ស៊ី ចំណែកទាហានដែលរងរបួស នឹងទទួលបានសំណងតិចជាងនេះពាក់កណ្ដាល។
ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ ក្រុមប្រឹក្សាសន្តិសុខ កាលពី ថ្ងៃទី ៣ មីនា ប្រធានាធិបតី ពូទីន ឱ្យដឹងថា គ្រួសាររបស់ ទាហានរុស្ស៊ី ដែលបានស្លាប់នៅ អ៊ុយក្រែន នឹងទទួលបានសំណងជាង ៧ លានរូប្លរុស្ស៊ី (ជិត ៥៦,០០០ ដុល្លារអាម៉េរិក) ពីរដ្ឋាភិបាលរុស្ស៊ី។
លោក ពូទីន ក៏បានបន្ថែមថា ទាហានរុស្ស៊ី ដែលរងរបួស និងមានលក្ខខណ្ឌគ្រប់គ្រាន់ នឹងទទួលបានប្រាក់ឧបត្ថម្ភម្ដង ចំនួន ៣ លានរូប្លរុស្ស៊ី (ជិត ២៨,០០០ ដុល្លារអាម៉េរិក) ចំណែកទាហានដែលត្រូវពិការជារៀងរហូត នឹងទទួលបានប្រាក់ឧបត្ថម្ភពេញមួយជីវិត។
«ប្រជាជនរុស្ស៊ី និងប្រជាជនអ៊ុយក្រែន គឺជាជនជាតិតែមួយ ខ្ញុំនឹងមិនបោះបង់ប្រការនេះជាដាច់ខាត» ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បញ្ជាក់ដុច្នេះ។