រដ្ឋាភិបាលរបស់ប្រទេស ២ នៅ អឺរ៉ុបខាងកើត គឺ ហ្សកហ្ស៊ី (Georgia អតីត Gruzia) និង ម៉ុលដាវី (Moldova) បានដាក់លិខិតស្នើសុំចូលជាសមាជិករបស់ សហភាពអឺរ៉ុប ក្រោយពី សភាអឹរ៉ុប បានគាំទ្រសំណើដូចគ្នានេះរបស់ អ៊ុយក្រែន។
«ថ្ងៃនេះ យើងបានដាក់ពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុប (EU)» នាយករដ្ឋមន្ត្រី Irakli Garibashvili កាលពីថ្ងៃទី ៣ មីនា បានប្រកាសដូច្នេះក្រោយពីបានចុះហត្ថលេខាលើលិខិតស្នើសុំ។ «ហ្សកហ្ស៊ី គឺជាប្រទេសអឺរ៉ុប ហើយនឹងបន្តមានការរួមចំណែកដែលមានតម្លៃក្នុងការការពារ និងអភិវឌ្ឍទ្វីបនេះ»។
ការសម្រេចចិត្តខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីបក្សកាន់អំណាចនៅ ហ្សកហ្ស៊ី ប៉ុន្មានថ្ងៃកន្លងទៅនេះ បានរងសម្ពាធខ្លាំងពីក្រុមប្រឆាំង ដោយស្នើឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Garibashvili យកគំរូតាម អ៊ុយក្រែន ក្រោយពី ប្រធានាធិបតី ហ្សេឡែនស្គី បានទទួលការគាំទ្រច្រើននៅពេលលោកបានដាក់ពាក្យសុំចូលជាសមាជិក EU។
ហ្សកហ្ស៊ី មានប្រជាជនសរុប ៣.៧ លាននាក់ ភាគខាងលិចជាប់នឹងសមុទ្រខ្មៅ ភាគខាងជើង និងខាងកើតជាប់នឹង រុស្ស៊ី ចំណែកភាគខាងត្បូងជាប់នឹង តួកគឺ និង អាមេនី រីឯភាគខាងត្បូងជាប់នឹង អាស៊ែបៃហ្សង់។
នៅក្នុងថ្ងៃដដែល ប្រធានាធិបតីរបស់ ប្រទេសម៉ុលដាវី (Moldova) លោកស្រី Maia Sandu ក៏បានប្រកាសថា ប្រទេសនេះបានចុះហត្ថលេខាលើលិខិតស្នើសុំចូលជាសមាជិករបស់ EU ផងដែរ។
ប្រទេសម៉ុលដាវី មានប្រជាជនសរុបជិត ២.៦ លាននាក់។ ប្រទេសនេះមានព្រំដែនខាងលិចជាប់នឹង រូម៉ានី ចំណែកភាគខាងជើង ខាងកើត និងខាងត្បូងជាប់នឹង អ៊ុយក្រែន។
ថ្មីៗនេះ អ៊ុយក្រែន បានដាក់ពាក្យសុំចូលជាសមាជិករបស់ EU ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពី សភាអឺរ៉ុប។ លោក ហ្សេឡែនស្គី បានស្នើឱ្យមានការដាក់បញ្ចូល អ៊ុយក្រែន ទៅក្នុង សហភាពអឺរ៉ុប ជាបន្ទាន់ ដោយមូលហេតុថា ប្រទេសនេះកំពុងរងការឈ្លានពានពី កងទ័ពរុស្ស៊ី។