វេលាទៀបភ្លឺថ្ងៃទី ៤ មីនានេះ មានហេតុការណ៍អគ្គិភ័យមួយបានកើតឡើងនៅឯរោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអែរធំបំផុតនៅ អ៊ុយក្រែន បន្ទាប់ពីវាត្រូវបាន កងកម្លាំងរុស្ស៊ី ឡោមព័ទ្ធ។
«ក្រោយពីមានការបាញ់ប្រហារជាបន្តបន្ទាប់ទៅលើ Zaporizhzhia ដែលជារោងចក្រអគ្គិសនីថាមពលនុយក្លេអែរធំបំផុតនៅ អ៊ុយក្រែន ទីតាំងនេះក៏បានឆាបឆេះ» អភិបាលក្រុង Eneerhodar លោក Dmytro Orlov បានសរសេរនៅលើ Telegram នាថ្ងៃនេះ។
លោកអភិបាលក្រុងខាងលើបានហៅករណីនេះថា ជា «ការគំរាមកំហែងដល់សន្តិសុខពិភពលោក» ប៉ុន្តែ មិនទាន់បានផ្ដល់ព័ត៌មានលំអិតនៅឡើយ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ក៏បានឱ្យដឹងដែរថា «កងទ័ពរុស្ស៊ី បានបាញ់កាំជ្រួចពីគ្រប់ទិសសំដៅលើរោងចក្រ Zaporizhzhia»។ លោកព្រមានថា បើសិនជារោងចក្រនេះផ្ទុះ នោះការខូចខាតនឹងធំជាង ១០ ដង ធៀបនឹងគ្រោះមហន្តរាយ Chernobyl។
ទាក់ទងនឹងបញ្ហាអគ្គិភ័យនៅរោងចក្រខាងលើ ភាគីរុស្ស៊ី មិនទាន់មានប្រតិកម្មឆ្លើយតបណាមួយនៅឡើយ។