សហរដ្ឋអាម៉េរិក ទំនងជាបានបញ្ជូន មីស៊ីលការពារដែនអាកាស Stinger រាប់រយដើម ទៅឱ្យ អ៊ុយក្រែន ក្នុងអំឡុងប៉ុន្មានថ្ងៃកន្លងទៅនេះ ខណៈដែលប្រទេសជាច្រើននៅ អឺរ៉ុប យល់ព្រមផ្ដល់ជំនួយជាអាវុធ តាមសំណើរបស់ អ៊ុយក្រែន។
សារព័ត៌មាន NBC របស់ អាម៉េរិក ឱ្យដឹងថា សហរដ្ឋអាម៉េរិក ជាលើកដំបូងបានប្រគល់ មីស៊ីលប្រឆាំងអាកាស Stinger ឱ្យ អ៊ុយក្រែន ក្នុងសប្ដាហ៍នេះ ក្នុងនោះមានជាង ២០០ ដើម ត្រូវបានប្រគល់រួចហើយកាលពីថ្ងៃទី ២៨ កុម្ភៈ។
ដើមឆ្នាំនេះ សហរដ្ឋអាម៉េរិក បានបើកភ្លើងខៀវឱ្យបណ្ដាប្រទេសនៅ តំបន់បាល់ទិក រួមមាន ឡេតូនី, លីទុយអានី និង អេស្តូនី បញ្ជូនអាវុធដែលផលិតដោយ អាម៉េរិក ទៅកាន់ អ៊ុយក្រែន ក្នុងនោះមានទាំង មីស៊ីលការពារដែនអាកាស Stinger ផងដែរ។ ប៉ុន្តែ មកដល់ពេលនេះ រដ្ឋាភិបាលអាម៉េរិក នៅតែរក្សាការផ្គត់ផ្គង់ មីស៊ីល Stinger រួមនឹងអាវុធផ្សេងៗជាច្រើនទៀត ដោយផ្ទាល់ដល់ អ៊ុយក្រែន។
ក្នុងរយៈពេលប៉ុន្មានខែមកនេះ តំណាងរាស្ត្រច្រើនរូបរបស់ អាម៉េរិក បានអំពាវនាវឱ្យរដ្ឋាភិបាល បញ្ជូន មីស៊ីល Stinger ទៅកាន់ ប្រទេសអ៊ុយក្រែន។ អ៊ុយក្រែន ក៏បានស្នើ អាម៉េរិក ជាច្រើនលើក ឱ្យផ្ដល់ជំនួយជាអាវុធដល់ប្រទេសនេះ។
បច្ចុប្បន្ន សហរដ្ឋអាម៉េរិក, កាណាដា និងប្រទេសជាង ១០ ទៀតនៅ អឺរ៉ុប បានយល់ព្រមតាមសំណើរបស់ អ៊ុយក្រែន ស្ដីពីការផ្ដល់ជំនួយជាអាវុធដល់ ទីក្រុងកៀវ។