ក្នុងសេចក្ដីថ្លែងការណ៍ដំបូង ប្រធានាធិបតីទី ៤៦ របស់ សហរដ្ឋអាម៉េរិក បានសម្ដែងសាមគ្គីភាពជាមួយ ជនជាតិអ៊ុយក្រែន ប៉ុន្តែ បានបដិសេធការបញ្ជូនទ័ពរបស់ អាម៉េរិក ទៅជួយរដ្ឋធានីកៀវ។
លោក ចូ បៃដិន នៅក្នុងសេចក្ដីថ្លែងការណ៍ដំបូងនៅចំពោះមុខសភា បានបញ្ជាក់ឡើងវិញអំពីការពង្រាយទាហានរបស់ខ្លួននៅ អ៊ុយក្រែន។ «សូមអនុញ្ញាតឱ្យខ្ញុំនិយាយឱ្យបានច្បាស់ កងកម្លាំងរបស់យើងនឹងមិនចូលរួមធ្វើសង្គ្រាមប្រឆាំង រុស្ស៊ី នៅ អ៊ុយក្រែន ឡើយ»។ ជំនួសមកវិញ កងទ័ពអាម៉េរិក ដែលត្រូវដាក់ពង្រាយនៅ អឺរ៉ុប គឺ «ដើម្បីការពារសម្ព័ន្ធមិត្តណាតូ របស់យើង នៅក្នុងករណី ពូទីន សម្រេចចិត្តបន្តចល័តទ័ពទៅទិសខាងលិច»។
បណ្ដាប្រទេសរបស់ ណាតូ នៅ អឺរ៉ុប ដែលទទួលបានការការពារជាពិសេស រួមមាន ប្រទេសប៉ូឡូញ, រូម៉ានី, ឡេតូនី, លីទុយអានី និង អេស្តូនី។
លោក បៃដិន បាននិយាយថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត បានផ្ទាល់ជំនួយផ្ទាល់ដល់ អ៊ុយក្រែន ជាង ១ ពាន់លានដុល្លាររួចហើយ ទាក់ទងនឹងយោធា សេដ្ឋកិច្ច និងមនុស្សធម៌។
ព្រឹត្តិការណ៍ថ្លែងការណ៍ខាងលើ ក៏មានវត្តមានរបស់ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំ សហរដ្ឋអាម៉េរិក លោកស្រី អុកសាណា ម៉ាការ៉ូវ៉ា ( Oksana Markarova) ផងដែរ ដែលអង្គុយក្បែរស្ត្រីទីមួយ ជីល បៃដិន (Jill Biden)។