ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន អានសាររបស់សហព័ន្ធនៅឯវិមានសភាជាន់ទាបជាលើកដំបូងចាប់តាំងពីបានឡើងកាន់អំណាច ក្នុងនោះក៏បាននិយាយដល់ជម្លោះប្រដាប់អាវុធនៅ អ៊ុយក្រែន និងបញ្ហាជាច្រើនផ្សេងទៀត។
«កាលពីឆ្នាំកន្លង កូវីដ-១៩ បានធ្វើឱ្យយើងគ្រប់គ្នាត្រូវរក្សាគម្លាត។ ឆ្នាំនេះ ចុងក្រោយ យើងក៏បានមកនៅជិតគ្នា» ប្រធានាធិបតី ចូ បៃដិន បានថ្លែងដូច្នេះ នៅក្នុងសេចក្ដីថ្លែងការណ៍របស់សហព័ន្ធ នាយប់ថ្ងៃទី ១ មីនា (ព្រឹកថ្ងៃទី ២ មីនា នៅ ភ្នំពេញ)។ លោកក៏បានថ្លែងថា សេរីភាពនឹងតែងតែទទួលបានជ័យជំនះ។
ពាក់ព័ន្ធនឹងបញ្ហានៅ អ៊ុយក្រែន លោក បៃដិន ថ្លែងថា ការសម្រេចចិត្តលុកលុយរបស់ ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន គឺជា «ការគិតមិនត្រឹមត្រូវ»។
«គាត់យល់ថា អាចសម្រុកចូលទឹកដីអ៊ុយក្រែន ហើយពិភពលោកនឹងក្រឡាប់ចាក់។ ជំនួសមកវិញ គាត់ត្រូវជួបនឹងជញ្ជាំងអំណាចដែលគាត់មិនអាចនឹកស្មានដល់ នោះគឺជនជាតិអ៊ុយក្រែន» លោក បៃដិន ថ្លែងដូច្នេះ។ លោកក៏និយាយដល់ការដាក់ទណ្ឌកម្មលើ រុស្ស៊ី ពិសេសគឺក្រុមអ្នកមាន «យើងនឹងសហការជាមួយសម្ព័ន្ធមិត្តនៅ អឺរ៉ុប ដើម្បីស្វែងរក និងរឹបអូសយកនាវាទេសចរណ៍ ភូមិគ្រឹះប្រណិត យន្តហោះឯកជនរបស់ពួកគេ។ យើងធ្វើសកម្មភាពសំដៅលើផលប្រយោជន៍មិនប្រក្រតីរបស់ពួកគេ»។
«រួមជាមួយនឹងសម្ព័ន្ធមិត្ត យើងនឹងបិទដែនអាកាសអាម៉េរិក ចំពោះរាល់ជើងហោះហើររបស់ រុស្ស៊ី និងដាក់ រុស្ស៊ី ឱ្យនៅឯកោជាងមុន និងបង្កើនសម្ពាធផ្នែកសេដ្ឋកិច្ចរបស់ពួកគេ» លោក បៃដិន បញ្ជាក់។
ដើម្បីផ្ដល់ទំនុកចិត្តដល់ពលរដ្ឋអាម៉េរិក ដែលបារម្ភអំពីបញ្ហានៅ អ៊ុយក្រែន លោក បៃដិន ថ្លែងថា «គ្រប់យ៉ាងនឹងប្រសើរឡើង»។
ការថ្លែងនៅចំពោះមុខសភាកាលពីឆ្នាំកន្លងរបស់លោក បៃដិន មិនត្រូវបានចាត់ទុកថាជាសេចក្ដីថ្លែងការណ៍របស់សហព័ន្ធនោះទេ ព្រោះតែវាជា «សារប្រចាំឆ្នាំ» ដោយវាជាឆ្នាំដំបូងនៃការឡើងកាន់អំណាចរបស់លោក។ រាប់ចាប់ពីឆ្នាំ ១៩៧៧ បណ្ដាប្រធានាធិបតីថ្មីរបស់ សហរដ្ឋអាម៉េរិក មិនបានចាត់ទុកការថ្លែងការណ៍ដំបូងរបស់ពួកគេនៅចំពោះមុខសភា ថាជា សេចក្ដីថ្លែងសាររបស់សហព័ន្ធឡើយ៕