សភាអឺរ៉ុប បានអនុម័តសេចក្ដីសម្រេចចិត្ត ស្នើឱ្យបណ្ដាប្រទេសជាសមាជិករបស់ សហភាពអឺរ៉ុប (EU) សហការគ្នាដើម្បីផ្ដល់ឋានៈជាបេក្ខភាពសមាជិក ឱ្យ ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសនេះ ដាក់ពាក្យស្នើសុំចូលជាសមាជិក EU ជាផ្លូវការ។
សេចក្ដីសម្រេចចិត្តត្រូវបានសភាអឺរ៉ុប (MEP) អនុម័តកាលពីថ្ងៃទី ១ មីនា ដោយយល់ថា ប្រការនេះសមស្របទៅតាមមាត្រាទី ៤៩ នៃ កតិកាសញ្ញាស្ដីអំពី សហភាពអឺរ៉ុប។ សេចក្ដីសម្រេចនេះក៏អំពាវនាវឱ្យបណ្ដាប្រទេសរបស់ EU «បន្តឆ្ពោះទៅរកការដាក់បញ្ចូល អ៊ុយក្រែន ទៅក្នុងទីផ្សាររួមរបស់ EU ទៅតាមកិច្ចព្រមព្រៀង»។
សេចក្ដីសម្រេចដែលមានការគាំទ្រពីសមាជិកចំនួន ៦៣៧ នាក់ របស់ MEP ក៏បានស្នើឱ្យ EU «ដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងបច្ចុប្បន្ន» ទៅលើ រុស្ស៊ី និងស្នើឱ្យ វិមានក្រឹមឡាំង បញ្ចប់រាល់សកម្មភាពយោធានៅ អ៊ុយក្រែន។
សេចក្ដីសម្រេចរបស់ MEP ត្រូវបានធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី កាលពីថ្ងៃទី ២៨ កុម្ភៈ បានចុះហត្ថលេខាសុំចូលជាសមាជិករបស់ EU និងស្នើឱ្យ EU អនុញ្ញាតឱ្យ អ៊ុយក្រែន បានចូលសហភាពនេះជាបន្ទាន់ ក្នុងគ្រាដែល កងទ័ពរុស្ស៊ី កំពុងឡោមព័ទ្ធរដ្ឋធានី។
អ៊ុយក្រែន បច្ចុប្បន្ន មិនទាន់ត្រូវបានទទួលស្គាល់ជាបេក្ខភាពផ្លូវការសម្រាប់ឋានៈជាសមាជិក របស់ EU នៅឡើយ បើទោះប្រទេសនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងតភ្ជាប់ជាមួយ EU ដែលក្នុងនោះ ភាគីទាំងពីរយល់ព្រមភ្ជាប់សេដ្ឋកិច្ចនៅក្នុងវិស័យជាក់លាក់មួយចំនួន និងធ្វើឱ្យមានភាពស៊ីជម្រៅជាងមុន លើទំនាក់ទំនងនយោបាយ ចាប់តាំងពីឆ្នាំ ២០១៧។