អ៊ុយក្រែន បានអំពាវនាវឱ្យមាន «ការបិទទាំងស្រុងនូវដែនអាកាស ចំពោះមីស៊ីល យន្តហោះ និងឧទ្ធម្ភាគចក្ររបស់ រុស្ស៊ី» នោះបើតាម Ukrinform។
«យើងត្រូវការពិនិត្យលទ្ធភាពនៃការបង្កើតតំបន់ហាមហោះហើរទាំងស្រុងចំពោះ មីស៊ីល យន្តហោះ និងឧទ្ធម្ភាគចក្ររបស់ រុស្ស៊ី» ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ថ្លែងដូច្នេះ។
សហរដ្ឋអាម៉េរិក បានដកចេញនូវលទ្ធភាពនៃការបញ្ជូនទ័ពទៅកាន់ អ៊ុយក្រែន ដើម្បីតតាំងនឹង កងទ័ពរុស្ស៊ី។ ក្រុមមន្ត្រីអាម៉េរិក ក៏មានការបារម្ភអំពីភាពតានតឹងរវាង អាម៉េរិក និង រុស្ស៊ី ដែលជាមហាអំណាយនុយក្លេអែរ ធំជាងគេបំផុតក្នុងពិភពលោក។
ទីប្រឹក្សាផ្នែកសារព័ត៌មានរបស់ សេតវិមាន លោកស្រី Jen Psaki បានថ្លែងថា ការបង្កើតតំបន់ហាមហោះហើរនៅ អ៊ុយក្រែន ទាមទារឱ្យ អាម៉េរិក បញ្ជូនទ័ពទៅអនុវត្ត ប៉ុន្តែ ប្រការនេះអាចជាការប្រយុទ្ធផ្ទាល់ ហើយអាចមានហានិភ័យក្លាយជាសង្គ្រាមធំរវាង រុស្ស៊ី និង អាម៉េរិក។ ប្រការនេះគឺជារឿងដែល អាម៉េរិក មិនមានផែនការចូលរួមនោះទេ។
ប៉ុន្មានថ្ងៃមកនេះ សហភាពអឺរ៉ុប បានហាមការហោះហើរនៅលើដែនអាកាសរបស់ពួកគេ ចំពោះយន្តហោះរបស់ រុស្ស៊ី ក្រោយពីប្រទេសនេះ បានចូលឈ្លានពាន អ៊ុយក្រែន។ សហភាពអឺរ៉ុប ក៏ហាមបណ្ដាក្រុមហ៊ុនរបស់ EU ផ្គត់ផ្គង់យន្តហោះស៊ីវិល និងគ្រឿងបន្លាស់ដល់ សហព័ន្ធរុស្ស៊ី ផងដែរ។
ឆ្លើយតបនឹង EU អាជ្ញាធររុស្ស៊ី បានកាត់បន្ថយសកម្មភាពរបស់បណ្ដាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចំនួន ៣៦ ដែលហោះហើក្នុងទឹកដី រុស្ស៊ី។