ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរបស់ប្រទេសចំនួន ៨ នៃ សហភាពអឺរ៉ុប (EU) ក្នុងនោះក៏មាន សាធារណរដ្ឋឆែក ផងដែរ កាលពីម្សិលមិញ បានអំពាវនាវឱ្យបណ្ដាប្រទេសរបស់ EU ផ្ដល់ឋានៈជាបេក្ខភាពសមាជិកដល់ ប្រទេសអ៊ុយក្រែន ជាបន្ទាន់ និងចាប់ផ្ដើមកិច្ចចរចាជំហានបន្ទាន់។
នៅក្នុងលិខិតរួមមួយ មេដឹកនាំរបស់ប្រទេសចំនួន ៨ រួមមាន ប៊ុលហ្គារី ឆែក អេស្តូនី លេទុយអានី ប៉ូឡូញ ស្លូវ៉ាគី និង ស្លូវេនី បានអំពាវនាវឱ្យបណ្ដាប្រទេសជាសមាជិករបស់ សហភាពអឺរ៉ុប បង្ហាញការគាំទ្រផ្នែកនយោបាយចំពោះ អ៊ុយក្រែន និងអនុញ្ញាតឱ្យប្រទេសជាសមាជិក អនុវត្តជំហានបន្ទាប់ដើម្បីប្រគល់ឋានៈជាបេក្ខភាពដល់ អ៊ុយក្រែន ជាបន្ទាន់ ហើយចាប់ផ្ដើមដំណាក់កាលចរចានៅក្នុងការដាក់បញ្ចូល អ៊ុយក្រែន ទៅក្នុងសម្ព័ន្ធភាពនេះ។
មុននោះ ក្នុងថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី បានស្នើឱ្យ EU ធ្វើការទទួលយក អ៊ុយក្រែន ជាបន្ទាន់ តាមរយៈលិខិតស្នើសុំចូលជាសមាជិករបស់ EU។ លោក ហ្សេឡែនស្គី យល់ថា «អ៊ុយក្រែន ស័ក្ដិសម ហើយប្រការនោះពិតជាអាចកើតឡើង»។
នាយករដ្ឋមន្ត្រីរបស់ ប្រទេសឆែក Petr Fiala បានគាំទ្រការស្នើសុំរបស់ អ៊ុយក្រែន ប៉ុន្តែ នោះគ្រាន់តែជាម្ចាស់ឆ្នោតមួយប៉ុណ្ណោះនៅក្នុង សហភាពអឺរ៉ុប។ ក្រុមអ្នកជំនាញយល់ថា អ៊ុយក្រែន មិនទាន់មានលក្ខណៈគ្រប់គ្រាន់ដែលអាចឆ្លើយតបនឹងលក្ខខណ្ឌរបស់ EU ក្នុងនោះមានទាំងអំពើពុករលួយជាដើម។