រូបភាពពីផ្កាយរណបបង្ហាញថា ក្បួនរថយន្តយោធារុស្ស៊ី បន្តបន្ទុយគ្នាប្រវែងប្រហែល ៦៤ គីឡូម៉ែត្រ កំពុងចូលមកជិត រដ្ឋធានីកៀវ វែងជាង ២ ដង ធៀបនឹងប្រវែងនៅក្នុងរូបដែលថតបានមុននោះ។
Maxar Technologies កាលពីចុងថ្ងៃទី ២៨ កុម្ភៈ បានបង្ហោះរូបថតពីផ្កាយរណបបង្ហាញថា ក្បួនរថយន្តយោធារុស្ស៊ី ដែលរួមមាន រថពាសដែក រថក្រោះ កាំភ្លើងធំ រួមនឹងសម្ភារៈយោធាផ្សេងៗ បានចល័តមកដល់ជាយក្រុងកៀវ របស់ អ៊ុយក្រែន។
Maxar ឱ្យដឹងថា រូបភាពពីផ្កាយរណបដែលពួកគេថតបាននាពេលថ្មីៗបំផុតនេះ បង្ហាញថា ក្បួនរថយន្តយោធារុស្ស៊ី បន្តកន្ទុយគ្នាប្រវែង ៦៤ គីឡូម៉ែត្រ ក្នុងនោះ ក្បាលរបស់វាស្ថិតនៅមូលដ្ឋានទ័ពអាកាស Antonov ដែលមានចម្ងាយប្រហែល ២៧ គីឡូម៉ែត្រ ពី រដ្ឋធានីកៀវ ខណៈដែលកន្ទុយរបស់វានៅឯភាគខាងជើងនៃតំបន់ Pribyrsk។
Maxar ក៏បានមើលឃើញផ្សែងបាញ់ចេញពីផ្ទះ និងអគារជាច្រើននៅភាគខាងជើង និងភាគពាយព្យរបស់ Ivankiv ដែលស្ថិតនៅក្បែរដងផ្លូវនានាដែលក្បួនទ័ពរុស្ស៊ី កំពុងឆ្លងកាត់។ ប៉ុន្តែ មិនទាន់ដឹងអំពីមូលហេតុដែលនាំឱ្យមានផ្សែងទាំងនោះនៅឡើយ។
អង្គភាពទ័ពជើងគោកមួយចំនួន រួមនឹងបណ្ដាឧទ្ធម្ភាគចក្រវាយប្រហារ ក៏បង្ហាញខ្លួននៅឯភាគខាងត្បូងនៃ ប្រទេសបេឡារូស ចម្ងាយពីព្រំដែនអ៊ុយក្រែន មិនដល់ ៣២ គីឡូម៉ែត្រ។
CNN ដកស្រង់សម្ដីរបស់ក្រុមមន្ត្រីសេតវិមាន ឱ្យដឹងថា ពួកគេកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងមានការព្រួយបារម្ភអំពីការកើនឡើងនៃអំពើហិង្សា ក៏ដូចជាការខាតបង់អាយុជីវិតប្រជាជនស៊ីវិលផងដែរ។