ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានឱ្យដឹងថា អ្នកទោសដែលមានជំនាញផ្នែកយោធានឹងត្រូវបានលើកលែងទោស បើសិនជាយល់ព្រមចូលរួមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ រុស្ស៊ី។
«ជនជាតិអ៊ុយក្រែន ដែលមានបទពិសោធន៍ក្នុងការប្រយុទ្ធនឹងត្រូវបានដោះលែងពីពន្ធនាគារ ហើយអាចលុបលាងទោសរបស់ខ្លួននៅឯសមរភូមិដែលក្ដៅបំផុត។ ប្រការដែលសំខាន់បំផុតនៅពេលនេះគឺការការពារ»។ លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី បានថ្លែងកាលពីថ្ងៃទី ២៨ កុម្ភៈដូច្នេះ។
លោក ហ្សេឡែនស្គី ថា នេះគឺជាការសម្រេចចិត្តដ៏លំបាក បើនិយាយអំពីសីលធម៌ ប៉ុន្តែ អ្វីដែលចាំបាច់នាបច្ចុប្បន្ន នោះគឺការការពារ អ៊ុយក្រែន។ លោកក៏បានអំពាវនាវឱ្យប្រជាជនទាំងអស់ «លើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះប្រទេសជាតិ»។
«ពេលនេះ យើងម្នាក់ៗគឺជាទាហាន។ ហើយខ្ញុំជឿជាក់ថា យើងនឹងដណ្ដើមបានជ័យជំនះ» ប្រធានាធិបតីអ៊ុយក្រែន អះអាងបន្ថែម។
ជាងនេះ លោក ហ្សេឡែនស្គី ក៏បានចុះហត្ថលេខាលើបទបញ្ជាលើកលែងទិដ្ឋាការទាំងអស់ សម្រាប់ជនបរទេសទាំងឡាយណាដែលមានបំណងចូលរួមជាមួយ «អង្គភាពការពារអន្តរជាតិ» ដែលទើបត្រូវបាន អ៊ុយក្រែន បង្កើតឡើង ដើម្បីប្រយុទ្ធតតាំងប្រឆាំង រុស្ស៊ី។ បទបញ្ជានេះមានសុពលភាពចាប់ពីថ្ងៃទី ១ មីនា និងអូសបន្លាយរហូតដល់ពេល អ៊ុយក្រែន បញ្ចប់ការអនុវត្តច្បាប់អាជ្ញាសឹក។
ប្រកាសទាំងឡាយខាងលើត្រូវបានធ្វើឡើងនៅពេលកម្លាំងទ័ពរបស់ រុស្ស៊ី កំពុងបង្កើនការឡោមព័ទ្ធបណ្ដាទីក្រុងធំៗរបស់ អ៊ុយក្រែន និងចូលក្បែរ រដ្ឋធានីកៀវ ខណៈកិច្ចចរចាលើកដំបូងរវាង រុស្ស៊ី និង អ៊ុយក្រែន ត្រូវបានបញ្ចប់ដោយមានការសន្យាថា នឹងបន្តការចរចា គ្រាដែល អ៊ុយក្រែន ថា ទាហានរុស្ស៊ី ជាង ៥,០០០ នាក់ បានស្លាប់ និង រថក្រោះជិត ២០០ គ្រឿង, យន្តហោះចម្បាំង ២៩ គ្រឿង, ឧទ្ធម្ភាគចក្រជិត ៣០ គ្រឿង រួមនឹងរថពាសដែកជាង ៨០០ គ្រឿង របស់ កងទ័ពរុស្ស៊ី ត្រូវបានកម្ទេចនៅសមរភូមិ។