Skip to content

បស្ចិម​លោក កំពុង​ «ដុត​ដៃ ដុត​ជើង» ​ផ្ដល់​អាវុធ​ដល់ អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំង​ការឈ្លានពាន​របស់ រុស្ស៊ី

ក្រោយ​មានការ​រិះគន់​ច្រើន​ថា «បោះបង់» អ៊ុយ​ក្រែ​ន ប្រទេស​ជាច្រើន​នៅ​លោកខាងលិច បាននាំគ្នា​ផ្ដល់ជំនួយ​ជា​អាវុធ​ដល់ រដ្ឋធានី​កៀវ ជា​បន្តបន្ទាប់ ក្នុង​គ្រា​ដែល រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ជិត​បើក​កិច្ចចរចា។

ប្រធាន​គណៈកម្មការ​អឺរ៉ុប Ursula von der Leyen កាលពី​ថ្ងៃទី ២៧ កុម្ភៈ ប្រកាសថា សហភាព​អឺរ៉ុប (EU) បានសម្រេច​ថា​នឹង​ចំណាយ ៥០០ លាន​ដុល្លារ ដើម្បីឱ្យ​សមាជិក​ទាំងឡាយ ទិញ និង​ប្រគល់​អាវុធ​ដល់ អ៊ុយ​ក្រែ​ន។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល EU បានសម្រេច​ដូច្នេះ​នៅក្នុង​ប្រវត្តិសាស្ត្រ។

តំណាង​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​របស់ EU លោក Josep Borrell ក៏បាន​ឱ្យដឹងថា សហភាព​អឺរ៉ុប នឹង​បញ្ជូន​យន្តហោះ​ចម្បាំង​ឱ្យទៅ កងទ័ព​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង កងទ័ព​ឈ្លានពាន​រុស្ស៊ី។

ដា​ណឺ​ម៉ាក និង ស្វ៊ី​ស ប្រកាសថា នឹង​ផ្ដល់​អាវុធ​ប្រឆាំង​រថក្រោះ ជិត ៨,០០០ ដើម រួម​នឹង​សម្ភារៈ​យោធា​ជាច្រើន​ទៀត ដល់ អ៊ុយ​ក្រែ​ន។ ការផ្ដល់​ជំនួយ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី អាល្លឺម៉ង់ កាលពី​ដើមខែ​នេះ​ត្រូវបាន​រិះគន់ថា បានផ្ដល់​ជំនួយ​ជា​មួក​ដែក​ប្រហែល​តែ ៥,០០០ ដល់ អ៊ុយ​ក្រែ​ន ធ្វើឱ្យ Vitali Klitschko ដែលជា​អភិបាលរដ្ឋ​ធានី​កៀវ «មិនអាច​ចេញ​ស្ដី​បាន»។

ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​នោះ នៅពេល​មានការ​ប្រឹងប្រែង​ផ្នែក​ការទូត បារាំង អាល្លឺម៉ង់ និង​ប្រទេស​ជាច្រើន​នៅ​បស្ចិម​លោក នៅតែមាន​ការរារែក​ក្នុងការ​បញ្ជូន​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន ព្រោះ​ខ្លាច​ធ្វើឱ្យ វិមាន​ក្រឹម​ឡាំង កាន់តែ​ក្ដៅក្រហាយ។

ក៏ប៉ុន្តែ ក្រោយពី​លោក ពូ​ទីន បានប្រកាស​សង្គ្រាម គ្រប់យ៉ាង​ក៏បាន​ប្ដូរផ្លាស់។ កាលពី​ថ្ងៃទី ២៦ កុម្ភៈ អាល្លឺម៉ង់ និយាយថា នឹង​ផ្ដល់​អាវុធ​ប្រឆាំង​រថក្រោះ​ចំនួន ១,០០០ ដើម និង មី​ស៊ី​ល ស្ពាយ​លើ​ស្មា ៥០០ ដើម ដល់ អ៊ុយ​ក្រែ​ន។ បារាំង ក៏​កំពុងផ្ដល់​អាវុធ​ការពារ​បន្ថែមទៀត ដល់ ទីក្រុង​កៀវ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ហ្សេ​ឡែ​ន​ស្គី ថ្លែងថា ប្រទេស​ជា​ដៃគូ កំពុង​បញ្ជូន​អាវុធ​មកឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំងនឹង​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី។ «អាវុធ និង​សម្ភារៈ​យោធា​ពី​បណ្ដា​ដៃ​ជា​គូ​សហការ កំពុងធ្វើដំណើរ​មកកាន់ អ៊ុយ​ក្រែ​ន។ សម្ព័ន្ធមិត្ត​ប្រឆាំង​សង្គ្រាម​កំពុងដំណើរការ»។

បែលហ្ស៊ិក ក្រោយមក​ក៏បាន​ប្រកាស​ជញ្ជូន​កាំភ្លើងយន្ត ២,០០០ ដើម និង​ឥន្ធនៈ ៣,៨០០ តោន ដល់​កងទ័ព​អ៊ុយ​ក្រែ​ន។ ចំណែក ហូ​ឡង់ ក៏បានផ្ដល់​កាំភ្លើង​បាញ់រះ និង​មួក​ដែក ខណៈដែល មី​ស៊ី​ល​ស្ពាយ​លើ​ស្មា Stinger នឹងត្រូវ​បានប្រគល់​ក្នុង​ពេកឆាប់ៗនេះ។

សាធារណរដ្ឋ​ឆែក ក៏​ផ្ដល់​កាំភ្លើងខ្លី ៣០,០០០ ដើម, កាំភ្លើង​វែង ៣,០០០ ដើម, កាំភ្លើងយន្ត ៣,០០០ ដើម រួម​នឹង​កាំភ្លើង​បាញ់រះ​រាប់សិប​ដើម និង​គ្រាប់កាំភ្លើង​ប្រហែល ១ លាន​ប្រអប់​ផងដែរ ដល់ អ៊ុយ​ក្រែ​ន។

អាម៉េរិក កំពុងផ្ដល់​សម្ភារៈ​យោធា​ដែលមាន​តម្លៃ ៣៥០ លាន​ដុល្លារ ដល់ ទីក្រុង​កៀវ ខណៈដែល អង់គ្លេស ថា បាន​ត្រៀម​ជាស្រេច​ដើម្បី​ផ្ដល់ជំនួយ​យោធា​បន្ថែម​ដល់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​អាវុធ​ធុន​ធ្ងន់​ទៀតផង។

Leave a Reply

Your email address will not be published. Required fields are marked *