ប្រធានាធិបតីរបស់ អ៊ុយក្រែន ថ្ងៃនេះបានឱ្យដឹងថា កងទ័ពអ៊ុយក្រែន បានរារាំងការបោះជំហានរបស់ កងទ័ពរុស្ស៊ី នៅក្នុងការវាយដណ្ដើមកាន់កាប់ រដ្ឋធានីកៀវ និងបានអំពាវនាវឱ្យប្រជាជននៅ រុស្ស៊ី ដាក់សម្ពាធលើប្រធានាធិបតី ពូទីន ដើម្បីទប់ស្កាត់ការវាយប្រហារ។
លោក ហ្សេឡែនស្គី បញ្ជាក់ថា កងទ័ពអ៊ុយក្រែន នៅតែគ្រប់គ្រង រដ្ឋធានីកៀវ និងបណ្ដាទីក្រុងសំខាន់ៗនៅជុំវិញរដ្ឋធានី។ លោកក៏បានថ្លែងថា អ៊ុយក្រែន «ដណ្ដើមបាន» សិទ្ធិចូលសហភាពអឺរ៉ុប (EU) និងអំពាវនាវឱ្យ EU សម្រេចចិត្ត។ «នេះនឹងជាភ័ស្ដុតាងបង្ហាញអំពីការគាំទ្រចំពោះប្រទេសជាតិរបស់យើងខ្ញុំ»។
ប្រធានាធិបតីវ័យ ៤៤ ឆ្នាំរូបនេះបានជំរុញឱ្យ អាល្លឺម៉ង់ និង ហុងហ្គារី គាំទ្រចំណាត់ការលុប រុស្ស៊ី ចេញពីប្រព័ន្ធ SWIFT ដើម្បីជាការដាក់ទណ្ឌកម្មលើ ទីក្រុងមូស្គូ។
«ស្ទើរតែទាំងអស់នៃសមាជិករបស់ EU សុទ្ធតែគាំទ្រឱ្យកាត់ រុស្ស៊ី ចេញពី SWIFT។ ខ្ញុំសង្ឃឹមថា អាល្លឺម៉ង់ និង ហុងហ្គារី នឹងមានភាពក្លាហានគ្រប់គ្រាន់ដើម្បីគាំទ្រការសម្រេចនេះ» ប្រធានាធិបតីអ៊ុយក្រែន ថ្លែងដូច្នេះ។
SWIFT (Society of Worldwide Interbank Financial Telecommunication) គឺជាបណ្ដាញទូរគមនាគមន៍ហិរញ្ញវត្ថុ នៃធនាគារទូទាំងពិភពលោក។ ប្រព័ន្ធនេះមានស្ដង់ដារមួយ ដែលមានសុវត្ថិភាពខ្ពស់បំផុតនៅក្នុងការផ្ទេរ និងទទួលប្រាក់ពីធនាគារ ក្នុងប្រទេសជាង ២០០ នៅក្នុងពិភពលោក។