អគ្គលេខាធិការនៃ អង្គការណាតូ Jens Stoltenberg ប្រកាសកាលពីថ្ងៃទី ២៥ កុម្ភៈ ថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែល ណាតូ បានបញ្ចេញកម្លាំងប្រតិកម្មរបស់ ណាតូ (NATO Response Force-NRF) ដែលមានទាហាន ៤០,០០០ នាក់។
លោក Jens Stoltenberg និយាយថា យុទ្ធនាការយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន គឺជា «វិបត្តិសន្តិសុខធ្ងន់ធ្ងរបំផុតដែលយើងត្រូវប្រឈមនៅ អឺរ៉ុប ក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងទៅនេះ»។ កម្លាំង NRF នឹងត្រូវបានពង្រាយ «នៅលើដីគោក លើសមុទ្រ និងលើអាកាស» នៅ អឺរ៉ុបខាងកើត ក្នុងបំណងការពារជាលក្ខណៈសមូហភាព។
អគ្គលេខាធិការនៃ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ក៏បានបន្ថែមថា ណាតូ នឹងផ្ដល់អាវុធ និងប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដល់ អ៊ុយក្រែន ទៅតាមការស្នើរបស់រដ្ឋាភិបាលប្រទេសនេះ។
បណ្ដាប្រទេសក្នុងសម្ព័ន្ធមិត្តនៅភាគខាងកើតនៃតំបន់ដែលគ្រប់គ្រងដោយ ណាតូ ពិតជាមានការបារម្ភខ្លាំង នៅពេលស្ថិតនៅក្បែរសង្គ្រាមនៅ អ៊ុយក្រែន និងក្បែរព្រំដែនរបស់ រុស្ស៊ី។
«ការវាយប្រហាររបស់ រុស្ស៊ី ទៅលើ អ៊ុយក្រែន មិនត្រឹមតែជាការវាយប្រហារទៅលើតែ អ៊ុយក្រែន មួយមុខនោះទេ ប៉ុន្តែ វាគឺជាការវាយប្រហារទៅលើសណ្ដាប់ធ្នាប់សន្តិសុខនៅ ទ្វីបអឺរ៉ុប ទាំងមូល» អគ្គលេខាធិការនៃ អង្គការណាតូ សង្កត់ធ្ងន់ដូច្នេះ។
ការដែល ណាតូ បញ្ចេញទ័ពប្រតិកម្ម ៤ ម៉ឺននាក់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមមេដឹកនាំរបស់អង្គការនេះ បានបើកកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃទី ២៥ កុម្ភៈ ដើម្បីពិភាក្សាអំពីសន្តិសុខនៅ អ៊ុយក្រែន។ ក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមានរបស់មន្ត្រីមកពី ប្រទេសស្វ៊ីស និង ហ្វាំងឡង់ ដែលមិនមែនជាសមាជិករបស់ ណាតូ ផងដែរ។
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន កាលពីថ្ងៃទី ២៤ កុម្ភៈ ក៏បានថ្លែងថា នឹងបញ្ជូនទ័ព ៧,០០០ នាក់ ទៀតទៅកាន់ ទ្វីបអឺរ៉ុប ដើម្បីគាំទ្រដល់ ណាតូ។