ក្នុងគ្រាដែលមានការប្រយុទ្ធគ្នានៅភាគខាងជើងនៃរដ្ឋធានីកៀវ មុននេះ រុស្ស៊ី បានប្រកាសថា នឹងបញ្ជូនទ័ពទៅការពាររោងចក្រថាមពលនុយក្លេអែរ Chernobyl។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ថ្ងៃនេះ បានប្រកាសថា រុស្ស៊ី នឹងបញ្ជូនទ័ពឆត្រយោងទៅកាន់តំបន់ភាគខាងជើងអ៊ុយក្រែន ដើម្បីការពាររោងចក្រថាលពលនុយក្លេអែរ Chernobyl ដែលពួកគេដណ្ដើមបាន។ មន្ត្រីរូបនេះបន្ថែមថា សារធាតុវិទ្យាសកម្មនៅទីនេះ ស្ថិតក្នុងកម្រិតធម្មតា។
អ្នកយកព័ត៌មានរបស់ AFP ប្រចាំ រដ្ឋធានីកៀវ បានរាយការណ៍ថា មានសំឡេងផ្ទុះ និងការប្រយុទ្ធគ្នានៅក្នុងខណ្ឌ Obolonsky ស្ថិតក្នុងភាគខាងជើងរបស់ រដ្ឋធានីកៀវ ក្នុងពេលដែលប្រជាជននាំគ្នារត់ទៅលាក់ខ្លួន។ ពេលនេះ កងទ័ពអ៊ុយក្រែន កំពុងស្ថិតនៅក្បែររបងរដ្ឋធានី។