ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឱ្យលើកទ័ពចូលលុកលុយ អ៊ុយក្រែន ក្នុងគ្រាដែល ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កំពុងបើកកិច្ចប្រជុំបន្ទាន់ នៅ ទីក្រុងនីវយ៉ក សហរដ្ឋអាម៉េរិក ស្ដីពីស្ថានការណ៍នៅ អ៊ុយក្រែន។
«ប្រធានាធិបតី ពូទីន ចូរទប់ស្កាត់កងទ័ព កុំឱ្យវាយប្រហារលើ អ៊ុយក្រែន ចូរបង្កើតឱកាសសម្រាប់សន្តិភាព មានមនុស្សជាច្រើនបានបាត់បង់ជីវិតរួចទៅហើយ» អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងដូច្នេះ។
ការថ្លែងរបស់ លោក Antonio Guterres នេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពី ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឱ្យលើកទ័ពចូលលុកលុយ អ៊ុយក្រែន ក្រោមលេសថា មានការស្នើឱ្យជួយពីក្រុមមេដឹកនាំតំបន់ផ្ដាច់ខ្លួននៅ Donbass និងដើម្បីរក្សាសន្តិភាព។
តំណាងរបស់ សហរដ្ឋអាម៉េរិក នៅ អង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ព្រមានថា បើសិន រុស្ស៊ី ធ្វើសកម្មភាពយោធា នោះមនុស្ស ៥ លាននាក់ អាចនឹងត្រូវភៀសខ្លួន និងបង្កជាវិបត្តិជនភៀសខ្លួនថ្មីនៅ អឺរ៉ុប។
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន ក៏បានថ្កោលទោសចំពោះទង្វើរបស់ រុស្ស៊ី ថា ជា «ការវាយប្រហារដោយគ្មានមូលដ្ឋាន និងមិនសមហេតុផល» សំដៅលើ អ៊ុយក្រែន។ លោកថា នឹង «បង្កទុក្ខសោកធ្ងន់ធ្ងរ ដល់មនុស្ស និងទ្រព្យសម្បត្តិ»។ «ពិភពលោក នឹងចាប់បង្ខំឱ្យ រុស្ស៊ី ទទួលខុសត្រូវ» លោក បៃដិន បញ្ជាក់ និងបន្ថែមថា លោកនឹងធ្វើសេចក្ដីថ្លែងការណ៍ស្ដីពី «ផលវិបាក» ចំពោះ ប្រទេសរុស្ស៊ី នៅពេលបន្តិចិទៀតនេះ។