Skip to content

អាម៉េរិក ពិភាក្សា​អំពី​គម្រោង​ជម្លៀស ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន ចេញពី រដ្ឋធានី​កៀវ

ក្រុមមន្ត្រី​សហរដ្ឋ​អាម៉េរិក កំពុងតែ​ពិភាក្សាគ្នា​អំពី​គម្រោង​ជម្លៀស ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​ម៉ា​យឺ ហ្សេ​ឡេ​ន​ស្កា​យ (Volodymyr Zelensky) ចេញពី រដ្ឋធានី​កៀវ ក្នុងករណី​កើតមាន​សង្គ្រាម​ជាមួយ រុស្ស៊ី។

យោងតាម Sputnik ព័ត៌មាន​លម្អិត​ស្ដីពី​គម្រោង​ជម្លៀស​ខាងលើ ដូចជា ពេលវេលា និង​ក្នុង​ស្ថានការណ៍​បែបណា មិនទាន់​ត្រូវបាន​គេ​ឱ្យដឹង​នៅឡើយ។ រដ្ឋធានី​កៀវ គឺជា​ទីក្រុង​ធំ​ទីមួយ​របស់ អ៊ុយ​ក្រែ​ន និង​មាន​ប្រជាជន​សរុប​ជិត ៣ លាន​នាក់។ ទីក្រុង​នេះ​ស្ថិតនៅ​ក្បែរ​ទន្លេ និង​មាន​ចម្ងាយ​ជិត ៣៨០ គីឡូម៉ែត្រ ពី ព្រំដែន​រុស្ស៊ី។

ព័ត៌មាន​ស្ដីពី​គម្រោង​ជម្លៀស ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ត្រូវបាន​បង្ហើប​ឱ្យដឹង​បន្ទាប់ពី ដែនដី Donetsk និង Luhansk នៅ​ភាគ​ខាងកើត នៃ ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវបាន ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ទទួលស្គាល់ថា ជា​ប្រទេស​ឯករាជ្យ ព្រមទាំង​បាន​បញ្ជា​ឱ្យ​បញ្ជូន​ទ័ព​ទៅកាន់​តំបន់​ទាំងនោះ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីម៉ាយឺ ហ្សេឡេនស្កាយ (Volodymyr Zelenskyy)

ទង្វើ​របស់លោក ពូ​ទីន បានធ្វើឱ្យ​ស្ថានការណ៍​តានតឹង​រវាង រុស្ស៊ី ជាមួយនឹង អ៊ុយ​ក្រែ​ន អាម៉េរិក រួម​នឹង​បណ្ដា​ប្រទេស​នៃ សម្ព័ន្ធមិត្ត​អា​ត្ល​ង់​ទិ​ក​ខាងជើង (ណា​តូ) កាន់តែ​ឡើងក​ម្ដៅ។

ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន បាន​ឡើងក​ម្ដៅ​ខ្លាំង​ចាប់តាំងពី​ចុងឆ្នាំ ២០២១ បន្ទាប់ពី សហរដ្ឋ​អាម៉េរិក និង​លោកខាងលិច បាន​ចោទថា រុស្ស៊ី ពង្រាយ​ទ័ព​ជាង ១០០,០០០ នាក់ នៅ​ព្រំដែន​ភាគ​ខាងលិច ដើម្បី​អនុវត្ត​ផែនការ​ឈ្លានពាន ប្រទេស​អ៊ុយ​ក្រែ​ន។ ប៉ុន្តែ រុស្ស៊ី បាន​បដិសេធ​ការចោទប្រកាន់​នេះ និង​បាន​រិះគន់ថា សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បំប៉ោង​ហានិភ័យ​ស្ដីពី​ការកើតមាន​សង្គ្រាម៕

Leave a Reply

Your email address will not be published. Required fields are marked *