Skip to content

សហរដ្ឋ​អាម៉េរិក ជិត​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ក្រោយពី​លោក ពូ​ទីន ប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់​ផ្ដាច់ខ្លួន​នៅ អ៊ុយ​ក្រែ​ន

សហរដ្ឋ​អាម៉េរិក នឹងដាក់​ទណ្ឌកម្ម​ថ្មី​នានា​ទៅលើ ប្រទេស​រុស្ស៊ី បន្ទាប់ពី ទីក្រុង​មូ​ស្គូ ទទួលស្គាល់​តំបន់​ផ្ដាច់ខ្លួន Donetsk និង Luhansk នៅ ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ជា​ប្រទេស​ឯករាជ្យ។

«យើង​មាន​គម្រោង​ប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​លើ ប្រទេស​រុស្ស៊ី នៅ​ថ្ងៃស្អែក ដើម្បី​ឆ្លើយតប​នឹង​ការសម្រេច និង​សកម្មភាព​របស់ ទីក្រុង​មូ​ស្គូ កាលពី​ម្សិលមិញ។ យើង​កំពុង​សហការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ ទាក់ទិន​នឹង​ការប្រកាស​នោះ» លេខា​សារព័ត៌មាន​របស់ សេត​វិមាន Jen Psaki បានឱ្យដឹង​ដូច្នេះ​កាលពី​យប់​ថ្ងៃទី ២១ កុម្ភៈ (ព្រឹក​ថ្ងៃទី ២២ កុម្ភៈ ម៉ោង​នៅ កម្ពុជា)។

Psaki មុន​នោះបាន​ឱ្យដឹងថា ប្រធានាធិបតី ចូ បៃ​ដិ​ន នឹង​ប្រកាស​បទបញ្ជា «ហាម​ការធ្វើ​វិនិយោគ ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​របស់ ពលរដ្ឋ​អាម៉េរិក ទាក់ទង​នឹង​ដែនដី​ដែល​គេ​ហៅថា សាធារណរដ្ឋ​ប្រជាមានិត Donetsk (DPR) និង សាធារណរដ្ឋ​ប្រជាមានិត Luhansk (LNR) នៅ អ៊ុយ​ក្រែ​ន»។

បទបញ្ជា​ខាងលើ​នឹង «ផ្ដល់​សិទ្ធិ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​លើ​បុគ្គល​គ្រប់រូប​ដែល​ត្រូវបាន​រកឃើញថា ធ្វើ​សកម្មភាព​នៅក្នុង​បណ្ដា​តំបន់​ទាំងនោះ​របស់ អ៊ុយ​ក្រែ​ន» Psaki ឱ្យដឹង​ដូច្នេះ និង​បន្ថែមថា វា​ជា​ទណ្ឌកម្ម​ដោយឡែក ក្រៅពី​ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ​ដែល​លោកខាងលិច​នឹង​អនុវត្ត បើសិន រុស្ស៊ី ឈ្លានពាន អ៊ុយ​ក្រែ​ន។

ប្រកាស​ខាងលើនេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Luhansk ដែល​បាន​ផ្ដាច់ខ្លួន​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នាជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។ កិច្ចព្រមព្រៀង​នេះ អនុញ្ញាតឱ្យ រុស្ស៊ី មាន​សិទ្ធិ​កសាង​មូលដ្ឋានទ័ព​នៅ Donetsk និង Luhansk។ លោក ពូ​ទីន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ បញ្ជូន​ទ័ព​ទៅ​តំបន់​ទាំងនេះផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *