សារព័ត៌មាននៅ ប្រទេសថៃ បានរាយការណ៍ថា រាជធានីបាងកក ត្រូវប្ដូរឈ្មោះទៅជា ក្រុងទេពមហានគរ ប៉ុន្តែ ក្រុមមន្ត្រីឱ្យដឹងថា ការផ្លាស់ប្ដូរនេះគ្រាន់តែទាក់ទងទៅនឹងវណ្ណយុត្តិនៅក្នុងឃ្លាតែប៉ុណ្ណោះ។
Bangkok Post និងបណ្ដាទំព័រសារព័ត៌មានជាច្រើនទៀតនៅ ប្រទេសថៃ កាលពីថ្ងៃទី ១៦ កុម្ភៈ បានចេញផ្សាយថា ប្រទេសនេះនឹងប្ដូរឈ្មោះផ្លូវការរបស់រាជធានីបាងកក ទៅជា ក្រុងទេពមហានគរ (Krung Thep Maha Nakhon) ប៉ុន្តែ ឈ្មោះ បាងកក នៅតែត្រូវបានទទួលស្គាល់។
ដំណឹងខាងលើនេះ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល ក្នុងនោះអ្នកខ្លះមិនដឹងថា គួរតែហៅរាជធានីរបស់ ថៃ ថា បាងកក ដែលជាឈ្មោះត្រូវបានស្គាល់តាំងពីយូរយារមកហើយ ឬឈ្មោះផ្លូវការថ្មី ក្រុងទេពមហានគរ ដែលបង្កការលំបាកក្នុងការចងចាំ។
នៅចំពោះមុខភាពច្របូកច្របល់លើបណ្ដាញសង្គម អ្នកនាំពាក្យរងរបស់រាជរដ្ឋាភិបាលថៃ Rachada Dhnadirek កាលពីថ្ងៃទី ១៧ កុម្ភៈ បានបកស្រាយថា ក្រុងទេពមហានគរ ត្រូវបានដាក់ជាឈ្មោះផ្លូវការរបស់រាជធានី តាំងពីឆ្នាំ ២០០១ និងមិនមានការផ្លាស់ប្ដូរឈ្មោះនោះទេ លើកលែងតែវិធីសរសេរវណ្ណយុត្តនៅក្នុងឃ្លា។
«ចាប់ពីឆ្នាំ ២០០១ យើងប្រើប្រាស់ការសរសេរ ‘ក្រុងទេពមហានគរ; បាងកក’ ដោយមានសញ្ញាចុចក្បៀសនៅកណ្ដាល» Rachada Dhnadirek ពន្យល់។ «ប៉ុន្តែ បច្ចុប្បន្ន វិធីសរសេរនឹងត្រូវប្ដូរទៅជា ‘ក្រុងទេពមហានគរ (បាងកក)’» ដោយមានសញ្ញាវង់ក្រចក»។
ចំណែកនៅលើទំព័រ Facebook របស់ខ្លួន ការិយាល័យព្រះបរមរាជវាំង (ORST) បានឱ្យដឹងថា ប្រជាជនអាចប្រើប្រាស់ឈ្មោះទាំងពីរនេះបាន គឺ ក្រុងទេពមហានគរ និង បាងកក។
កាលពីថ្ងៃទី ១៥ កុម្ភៈ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តកំណែទម្រង់នេះ ប៉ុន្តែ ការផ្លាស់ប្ដូរនេះនឹងមិនទាន់មានសុពលភាព រហូតដល់ពេលត្រូវបានគណៈកម្មការតាមដានខ្លឹមសារច្បាប់ ធ្វើការត្រួតពិនិត្យ។
ក្រុងទេពមហានគរ មានន័យថា «ទីក្រុងធំរបស់ពពួកទេវតា» ដែលជាពាក្យកាត់នៃពិធីបុណ្យមួយដែលមានឈ្មោះថា «Krung Thep Mahankhon Amon Rattanakosin Mahinthara Ayuthaya Mahadilok Phop Noppharat Ratchathani Burirom Udomratchniwet Mahasathan Amon Piman Awatan Sathit Sakkathattiya Witsanukam Prasit»៕