សារព័ត៌មាន Interfax រាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសចាប់ផ្ដើមដកកងកម្លាំងមួយចំនួន បន្ទាប់ពីបានធ្វើសមយុទ្ធយោធាក្បែរព្រំដែន អ៊ុយក្រែន។
«បណ្ដាអង្គភាពដែលស្ថិតក្នុងភូមិភាគខាងលិច និងខាងត្បូង កំពុងឡើងរថយន្ត រថភ្លើង ដើម្បីត្រលប់ទៅកាន់បន្ទាយប្រចាំការនៅដំណាច់ថ្ងៃនេះ» Interfax ដកស្រង់សម្ដីរបស់អ្នកនាំពាក្យនៃក្រសួងការពារជាតិរុស្ស៊ី Igor Konashenkow ឱ្យដឹងដូច្នេះ។
Konashenkow បន្ថែមថា កងកម្លាំងនេះត្រូវដកត្រលប់ទៅមូលដ្ឋានវិញ បន្ទាប់ពីសមយុទ្ធយោធា ដែលបានធ្វើឡើងនៅក្បែរ ប្រទេសអ៊ុយក្រែន បានចប់សព្វគ្រប់។
ក្រសួងការពារជាតិរុស្ស៊ី ក្រោយមកក៏បានបញ្ចេញវីដេអូបង្ហាញថា យានយន្តយោធានានា កំពុងត្រលប់មកកាន់បន្ទាយ ក្រោយពីការធ្វើសមយុទ្ធ។ ក្នុងវីដេអូនេះ គេឃើញមានរថក្រោះ រថពាសដែក រួមនឹងសព្វាវុធរបស់កងទ័ពជើងគោកផងដែរ កំពុងត្រូវបានជញ្ជូនឡើងរថភ្លើង។
ប្រកាសនេះត្រូវបាន រុស្ស៊ី លើកឡើង នៅមុនជំនួបរវាងប្រធានាធិបតីរុស្ស៊ី Putin និង នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz ដើម្បីស្វែងរកដំណោះស្រាយកាត់បន្ថយភាពតានតឹងជុំវិញបញ្ហា អ៊ុយក្រែន។