Skip to content

ត្រូវគេ​គប់​នឹង​ដុំថ្ម​រហូតដល់​ស្លាប់ ព្រោះតែ​ដុត គម្ពីរ​កូ​រ៉ា​ន (Qu’ran)

(ប៉ា​គី​ស្ថាន)-មនុស្ស​ម្នាក់​ដែលមាន​បញ្ហា​សតិ​អារ​មណ៍ នៅក្នុង​ខេត្ត Punjab ត្រូវបាន​ក្រុមមនុស្ស​ដែល​កំពុង​ខឹង​ខ្លាំង នាំគ្នា​យក​ដុំថ្ម​គប់​រហូតដល់​បាត់បង់​ជីវិត ដោយ​ចោទថា បាន​ប្រមាថ​លើ គម្ពីរ​កូ​រ៉ា​ន (Qu’ran ឬ Koran)។

Mian Mohammad Ramzan អ្នកគ្រប់គ្រង​វិហារ​អ៊ីស្លាម​មួយ​នៅ​ក្នុងភូមិ​ដាច់ស្រយាល Tulamba ក្នុង​ខណ្ឌ Khanewal ខេត្ត Punjab បានឱ្យដឹងថា គាត់​បានឃើញ​បុរស​ម្នាក់​ដុត គម្ពីរ​កូ​រ៉ា​ន កាលពី​ព្រលប់​ថ្ងៃទី ១២ កុម្ភៈ និង​បាន​ប្រាប់​ដល់​អ្នកផ្សេង មុននឹង​រាយការណ៍​ប្រាប់​សមត្ថកិច្ច។

ប៉ូលិស​បាន​ប្រញាប់​ទៅកាន់​កន្លែងកើតហេតុ និង​បានឃើញ​បុរស​ម្នាក់​កំពុង​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ហ្វូងមនុស្ស​ដែល​កំពុង​ខឹង​ខ្លាំង។ ប៉ូលិស​ឈ្មោះ Mo ammad Iqbal រួម​នឹង​ថ្នាក់ក្រោម ២ នាក់ បាន​ព្យាយាម​ចូលទៅ​ជួយ​ជនរងគ្រោះ ប៉ុន្តែ ក៏ត្រូវ​ហ្វូងមនុស្ស​ចោល​នឹង​ដុំថ្ម ធ្វើឱ្យ Iqbal ត្រូវ​រងរបួស​ធ្ងន់ និង​ប៉ូលិស ២ នាក់​ទៀត រងរបួស​ស្រាល។

Munawar Gujjar ប្រធានការិយាល័យ​នគរបាល Tulamba ឱ្យដឹងថា លោក​បាន​ប្រញាប់​បញ្ជូន​កម្លាំង​បន្ថែម​ទៅកាន់​កន្លែងកើតហេតុ ប៉ុន្តែ ហ្វូងមនុស្ស​នោះបាន​សម្លាប់ និង​ចង​ព្យួរ​សាកសព​ជនរងគ្រោះ​ទៅលើ​ដើមឈើ​ទៅហើយ។

ជនរងគ្រោះ​មានឈ្មោះ​ថា Mushtaq Ahmed អាយុ ៤១ ឆ្នាំ រស់នៅក្នុង​ភូមិ​ក្បែរ​នោះ។ ជនរងគ្រោះ​មាន​បញ្ហា​សតិអារម្មណ៍​អស់​រយៈពេល ១៥ ឆ្នាំ​មកហើយ។ បើតាម​ក្រុមគ្រួសារ បុរស​នេះ​តែង​បាត់​ខ្លួន​ជា​ញឹកញាប់ និង​ដើរ​សុំទាន និង​ហូប​គ្រប់យ៉ាង​ដែល​គាត់​បាន​រកឃើញ» ប៉ូលិស Gujjar ប្រាប់​ដូច្នេះ។

Ramzan ដែលជា​អ្នកគ្រប់គ្រង​វិហារ​អ៊ីស្លាម នៅ​កន្លែងកើតហេតុ​នោះ បាន​ប្រាប់ថា គាត់​បានឃើញ​ផ្សែង​បាញ់​ចេញពី​ខាងក្នុង​វិហារ ហើយ​គាត់​បានឃើញ គម្ពីរ​កូ​រ៉ា​ន មួយ​ក្បាល​កំពុង​ឆេះ ចំណែក Ahmed ក៏​កំពុង​ព្យាយាម​ដុត​គម្ពីរ​មួយ​ក្បាល​ទៀត។ Ramzan ស្រែក​ឱ្យ​ឈប់ ក្នុងពេលដែល​ប្រជាជន​ក្នុងភូមិ​កំពុង​នាំគ្នា​មក​វិហារ​ដើម្បី​បួងសួង។

សាក្សី​បានឱ្យដឹងថា ហ្វូងមនុស្ស​បាន​រារាំង​ក្រុមប៉ូលិស​ចូលទៅ​ជួយ​ជនរងគ្រោះ។ ក្រោយ​ហេតុការណ៍​នេះ ប៉ូលិស​ក៏បាន​មកកាន់​កន្លែងកើតហេតុ ដើម្បី​នាំយក​សាកសព​ជនរងគ្រោះ។

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនដៃដល់​ទាំងឡាយ​នៅក្នុង​ករណីនេះ ដោយ​ពិនិត្យ​វីដេអូ​ដែល​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ប្រហែល ៨០ នាក់ ដែល​រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ ប៉ុន្តែ តាម​ការស្រាវជ្រាវ ជនសង្ស័យ​ប្រហែល ៣០០ នាក់ បាន​ចូលរួម​គប់​ដុំថ្ម​សម្លាប់​បុរស​ខាងលើ។

នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Imran Khan បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ហេតុការណ៍​នេះ និង​បាន​ថ្លែងថា លោក​កំពុង​ស្នើឱ្យ​អភិបាលខេត្ត Punjab រាយការណ៍​អំពី​វិធី​ដែល​ក្រុមប៉ូលិស​ដោះស្រាយ​បញ្ហា​នេះ។ លោក​ថា ប៉ូលិស​បាន «បរាជ័យ​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន» ក្នុងករណីនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *