Skip to content

អង្គការ​​សុខភាព​​ពិភព​លោក​ (WHO) ​ថា ​ដំណាក់​កាល​​ស្រួច​ស្រាវ​​របស់​ជំងឺ​រាត​ត្បាត​សកល​​ កូ​វីដ-១៩ ​អាច​នឹង​​​បញ្ចប់​​ក្នុង​ឆ្នាំ​នេះ

មេដឹកនាំ WHO បានឱ្យដឹងថា ដំណាក់កាល​ធ្ងន់ធ្ងរ​របស់​ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩ អាច​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២២ នេះ បើសិន​ប្រជាជន​ប្រមាណ ៧០% របស់​ពិភពលោក បានទទួល​ការចាក់​វ៉ាក់សាំង។

«យើង​រំពឹងថា ដំណាក់កាល​ស្រួចស្រាវ​របស់​ជំងឺ​រាតត្បាត​សកល​នឹង​បញ្ចប់​ក្នុងឆ្នាំនេះ ជាមួយនឹង​លក្ខខណ្ឌ ត្រូវ​សម្រេច​ដល់​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន ៧០% នៃ​ចំនួន​ប្រជាជន​សរុប នៅ​ពាក់កណ្ដាល​ឆ្នាំនេះ ខ្ទង់​ខែមិថុនា-កក្កដា» លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ១១ កុម្ភៈ ពេល​កំពុង​ធ្វើ​ទស្សនកិច្ច​ក្រុមហ៊ុន Afrigen Biologics&Vaccines នៅ អាហ្វ្រិក​ខាងត្បូង។

លោក Tedros បន្ថែមថា៖ «បើសិន​ប្រការ​នោះ​ត្រូវបាន​អនុវត្ត ដំណាក់កាល​ស្រួចស្រាវ​របស់​ជំងឺ​រាតត្បាត​សកល ពិតជា​អាច​ត្រូវបាន​បញ្ចប់ ហើយ​នោះ​គឺជា​ការដែល​យើង​រំពឹងទុក។ វា​ស្ថិតក្នុង​ដៃ​របស់​យើង​គ្រប់គ្នា វា​មិនមែនជា​រឿង​សំណាងល្អ ឬ​សំណាងអាក្រក់ ប៉ុន្តែ វា​គឺជា​បញ្ហា​នៃ​ការជ្រើសរើស»។

Afrigen គឺជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ ទ្វីបអាហ្វ្រិក ដែល​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា mRNA របស់ Moderna។ ផលិតផល​នេះ​នឹងត្រូវ​ពិសោធ​លើ​មនុស្ស​នៅ​ខែវិច្ឆិកា ២០២២ និង​អនុម័ត​នៅ​ឆ្នាំ ២០២៤។

ប្រធាន WHO រំពឹងថា វ៉ាក់សាំង​នេះ «សមស្រប​ជាមួយនឹង​ស្ថានការណ៍​ដែល​វា​ត្រូវបាន​ប្រើប្រាស់​ដោយមាន​ឧបសគ្គ​តិចតួច​ទាក់ទង​នឹង​ការ​ទុកដាក់ ហើយ​តម្លៃ​ក៏​ទាប​ជាង​ទីផ្សារ»។

Afrigen កំពុងតែ​នាំមុខគេ​នៅក្នុង​គម្រោង​ពិសោធ​ដែល​ផ្ដល់ជំនួយ​ដោយ WHO និង COVAX។ មជ្ឈមណ្ឌល​ផ្ទេរ​បច្ចេកវិទ្យា​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០២១ នឹង​បណ្ដុះបណ្ដាល​ប្រទេស​មួយចំនួន ហើយ​ផ្ទេរ​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ឱ្យទៅ​បណ្ដា​ប្រទេស​ក្រីក្រ​ដែល​ស្ថិត​នៅក្រោយ​គេ​ក្នុងការ​ប្រកួតប្រជែង​ចាក់​វ៉ាក់សាំង៕

Leave a Reply

Your email address will not be published. Required fields are marked *