វិទ្យាស្ថាន RKI អះអាងថា អាល្លឺម៉ង់ អាច​ឆ្លង​ផុត​រលក​រាតត្បាត​ដែល​បង្កឡើង​ដោយ​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង នាពេលឆាប់ៗនេះ

មេដឹកនាំ​នៃ​វិទ្យាស្ថាន Robert Koch (RKI) លោក Lothar Wieler ប្រកាសថា ប្រទេស​អាល្លឺម៉ង់ នឹង​ឆ្លង​ផុត​រលក​រាតត្បាត​កូ​វីដ-១៩ ដែល​បង្កឡើង​ដោយ អូ​មី​ក្រុង ក្នុងពេលឆាប់ៗខាងមុខ ហើយ​អាច​ទទួល​អំណរ​បុណ្យ​អ៊ី​ស្ទើរ (Easter) ជាមួយនឹង​ការបន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល។

ក្នុង​សន្និសីទ​ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល Karl Lauterbach កាលពី​ថ្ងៃទី ៨ កុម្ភៈ មេដឹកនាំ​អាជ្ញាធរ​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង​របស់ អាល្លឺម៉ង់ លោក Lothar Wieler បានឱ្យ​អះអាងថា៖ «យើង​កំពុង​ឈរ​នៅ​ចំពោះមុខ​របត់​ថ្មី​មួយ ហើយ​ខ្ញុំ​មានជំនឿថា យើង​នឹង​ឆ្លង​ផុត​រលក​នៃ​ការ​រាតត្បាត​ដែល​បង្កឡើង​ដោយ អូ​មី​ក្រុង។ មកដល់​បច្ចុប្បន្ន យើង​បាន​ឆ្លងកាត់​វិបត្តិ​ជំងឺឆ្លង​នេះ បាន​យ៉ាង​ល្អ»។

លោក Wieler ឱ្យដឹងថា អត្រា​នៃ​អ្នកជំងឺ កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង បាន​វិ​វត្ត​ទៅជា​ធ្ងន់ធ្ងរ មាន​កម្រិត​ទាប​ជាង​ឆ្ងាយ ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា។ ដូច្នេះ អាល្លឺម៉ង់ នឹង​អាច​ឆ្លង​ផុតពី​រលក​នៃ​ការឆ្លង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ហើយ​ប្រជាជន​អាច​ទទួល​អំណរ​បុណ្យ​អ៊ី​ស្ទើរ ប្រកបដោយ​សេរីភាព​ជាង​មុន។

មេដឹកនាំនៃវិទ្យាស្ថាន Robert Koch (RKI) លោក Lothar Wieler

ទោះជា​យ៉ាងណាក៏ដោយ មេដឹកនាំ RKI នៅតែ​អំពាវនាវ​ឱ្យ​ប្រជាជន​គោរព និង​អនុវត្តតាម​វិធាន​ការដែល​បានដាក់​ចេញ ព្រោះថា នៅមាន​កត្តា​ជាច្រើន​ដែល​ធ្វើឱ្យ កូ​វីដ-១៩ ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស ក្នុងនោះ​មានដូចជា កត្តា​មនុស្ស​វ័យ​លើសពី ៦០ មិនទាន់បាន​ចាក់​វ៉ាក់សាំង នៅមាន​ច្រើន ខណៈដែល​អត្រា​នៃ​ការឆ្លង អូ​មី​ក្រុង ភាគច្រើន​កើតឡើង​លើ​មនុស្ស​វ័យ​ចំណាស់។

ដោយឡែក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Lauterbach បាន​ថ្លែងថា ការឆ្លង កូ​វីដ-១៩ នៅ អាល្លឺម៉ង់ អាច​ឡើងដល់​កម្រិត​កំពូល​នៅ​ពាក់កណ្ដាល​ខែកុម្ភៈ ឬ​យូរ​ជាង​នេះ។

លោក Lauterbach បញ្ជាក់ថា ក្រសួងសុខាភិបាល​នឹង​គ្រាន់តែ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​វិធានការ​ទប់ស្កាត់​នៅមុន​រដូវ​បុណ្យ​អ៊ី​ស្ទើរ នៅ​ខែមេសា តែប៉ុណ្ណោះ៕

Advertisement