សំឡេងលាន់កក្រើកមេឃរបស់ឧត្ថម្ភាគចក្រដឹកក្រុមទាហានពិសេសអាម៉េរិក ដែលវាយឆ្មក់លើទីតាំងលាក់ខ្លួនរបស់ al-Qurashi កាលពីថ្ងៃទី ៣ កុម្ភៈ ធ្វើឱ្យប្រជាជនក្នុងទីរួមស្រុក Atmeh នៃ ប្រទេសស៊ីរី ត្រូវភ្ញាក់ដឹងខ្លួនទាំងកណ្ដាលយប់។
ពួកគេមិនធ្លាប់បានឮសំឡេងអ្វីដែលលាន់ដូចសំឡេងនេះ។ «មានរឿងអ្វីហ្នឹងពុក?» Abu Omar ដែលជាអ្នករស់នៅក្បែរផ្ទះរបស់មេដឹកនាំអង្គការរដ្ឋអ៊ីស្លាម (IS) Abu Ibrahim al-Hashimi al-Qurashi រៀបរាប់។
ពុំមានអ្នកណាស្មានដល់ថា មេដឹកនាំរបស់អង្គការភេរវកម្មដ៏គួរឱ្យភ័យខ្លាចបំផុតក្នុងពិភពលោក បែរជាលាក់ខ្លួននៅជាន់ទី ៣ ក្នុងអគារសាមញ្ញមួយ ដែលស្ថិតនៅឆ្ងាយពីទីតាំងរឹងមាំរបស់ក្រុមនេះ។ ម្ចាស់ផ្ទះបាននិយាយថា អ្នកបើកបររថយន្តជនជាតិស៊ីរីម្នាក់ បានជួលផ្ទះនេះតាំងពី ១១ ខែមុន ក្នុងតម្លៃ ១៣០ ដុល្លារអាម៉េរិក/ខែ។
អ្នកបើកបររថយន្តខាងលើ រស់នៅលើជាន់ទី ២ ជាមួយប្រពន្ធ និងកូន ៣ នាក់។ បងស្រី និងក្មួយស្រីរបស់បុរសនេះក៏រស់នៅជាមួយគ្នា។ ពួកគេមិនបានប្រស្រ័យ រាប់អានជាមួយអ្នកណាឡើយ។
ក្រុមមន្ត្រីអាម៉េរិក ឱ្យដឹងថា ពួកគេទទួលបានដំណឹងថា al-Qurashi រស់នៅលើជាន់ខ្ពស់បំផុតរបស់អគារនេះ និងមិនដែលបានចាកចេញពីទីនេះ ប៉ុន្តែ ជួនកាលក៏ងូតទឹកលើដំបូលផ្ទះ។ Al-Qurashi ទាក់ទងជាមួយសមាជិក IS ដទៃទៀត តាមរយៈអ្នកបើកបររថយន្តដែលរស់នៅលើជាន់ទី ។
ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk ដឹកកម្លាំងពិសេសអាម៉េរិក មកដល់ Atmeh នៅវេលាម៉ោងប្រហែល ១ យប់ (ម៉ោង ៦ នៅ ភ្នំពេញ) កាលពីថ្ងៃទី ៣ កុម្ភៈ។
Abu Omar ឱ្យដឹងថា កម្លាំងពិសេសអាម៉េរិក មិនបានវាយឆ្មក់ចូលអគារនេះភ្លាមៗនោះទេ តែបានស្នើជាបន្តបន្ទាប់ឱ្យអ្នកដែលស្ថិតនៅក្នុងអគារនោះចេញមកសារភាព។
នៅជាន់ទី ១ នៃអគារនេះ មានជនស៊ីវិល រស់នៅ ដូច្នេះ កងកម្លាំងអាម៉េរិក បានស្នើឱ្យពួកគេចាកចេញ។ «ចេញទៅក្រៅ នាងនោះ ចេញទៅក្រោយ និងដើម្បីឱ្យកូនមានឱកាសរស់» Abu Omar រៀបរាប់ និងឱ្យដឹងថា សំឡេងនិយាយរបស់កម្លាំងពិសេសនេះ កាន់តែមានភាពគំរាម ព្រមានថា ទាហានអាម៉េរិក នឹងវាយកម្ទេចផ្ទះនេះ។
«គ្រប់គ្នានឹងមានសុវត្ថិភាព បើសិនជាចេញមកសារភាព» សំឡេងជាភាសាអារ៉ាប់ បានបន្លឺឡើង។ «អ្នកដែលមិនព្រមចេញមកសារភាពនឹងត្រូវស្លាប់»។
ពេលទាហានអាម៉េរិក បាញ់អាវុធដែលដូចទៅនឹងរ៉ុក្កែត មនុស្សម្នាក៏រត់ចេញពីផ្ទះ។ នេះបើតាមការឱ្យដឹងពីស្ត្រីម្នាក់។ ស្ត្រូរូបនេះនិយាយថា គ្រួសាររបស់អ្នកស្រី ត្រូវទាហានអាម៉េរិក សួរចម្លើយ។ «ពេលប្រាប់ថា មិនស្គាល់ពួកគេ (មេដឹកនាំ IS) ពួកគេ (ទាហានអាម៉េរិក) មិនជឿពួកខ្ញុំ។ ពួកគេសួរថា ជាអ្នកជិតខាង ហេតុអ្វីមិនស្គាល់គ្នា»។
នៅជាន់ទី ៣ al-Qurashi មិនព្រមចុះចាញ់ និងបានបំផ្ទុះគ្រាប់បែក បណ្ដាលឱ្យខ្លួនឯង និងក្រុមគ្រួសារបាត់បង់ជីវិត។ កងកម្លាំងសង្គ្រោះបន្ទាន់ឱ្យដឹងថា សាកសព ១៣ នាក់ ត្រូវបានរកឃើញនៅក្នុងគំនរបាក់បែក ក្នុងនោះមានក្មេងចំនួន ៦ នាក់ផងដែរ។
កម្លាំងអាម៉េរិក បានសម្រុកចូលផ្ទះ ប្រយុទ្ធជាមួយអ្នកបើកបររថយន្ត និងប្រពន្ធរបស់គេនៅជាន់ទី ។ អ្នកទាំង ២ បានស្លាប់ ខណៈកូន ៤ នាក់ ត្រូវបាននាំចេញមកក្រៅដោយសុវត្ថិភាព។ ស្ត្រីម្នាក់នៅជាន់ទី ១ ឱ្យដឹងថា ក្នុងចំណោមនោះ មានក្មេងប្រុសម្នាក់អាយុ ១៥ ឆ្នាំ។
លាក់ខ្លួនក្នុងជម្រកក្រោមដីក្នុងផ្ទះក្បែរនោះ Abu Omar និងកូនៗ បានឮសំឡេងគ្រាប់កាំភ្លើង និងសំឡេងផ្ទុះធំ។ ក្មេងៗភ័យរន្ធត់។ «ពួកគេមិនវាយប្រហារគ្រួសារយើងទេ។ ពួកគេមករកអ្នកផ្សេង» Omar ប្រាប់កូនៗដូច្នេះ។
ម៉ោងប្រហែល ៣ (ម៉ោង ៨ នៅ ភ្នំពេញ) កម្លាំងអាម៉េរិក ចាប់ផ្ដើមប្រមូលសម្ភារៈដើម្បីចាកចេញ។ ក្រោយមក ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់ក៏បានមកដល់ ដើម្បីស្វែងរកសាកសពក្រោមគំនរបាក់បែក។
Jamil al-Dadu អាយុ ៣០ ឆ្នាំ រស់នៅក្នុងជំរំជនភៀសខ្លួនក្បែរនោះ និយាយថា មិនដែលបានឃើញបេសកកម្មណាមួយដូច្នេះ។ «យើងនឹកស្មានមិនដល់ថា ជនជាតិអាម៉េរិក មកទីនេះ» al-Dadu និយាយដូច្នេះ។
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន កាលពីថ្ងៃទី ៣ កុម្ភៈ ប្រកាសថា «ប្រភពគំរាមកំហែងភេរវកម្មសកលត្រូវបានកម្ចាត់ចោល» បន្ទាប់ពី al-Qurashi បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងបេសកកម្មវាយឆ្មក់របស់អង្គភាពពិសេសអាម៉េរិក។ ចំណែក មន្ទីរបញ្ចកោណ វិញ អះអាងថា ការវាយឆ្មក់ថ្មីនេះគឺជាបេសកកម្មជោគជ័យប្រឆាំងនឹងភេរវកម្ម ហើយ សហរដ្ឋអាម៉េរិក ពុំមានទាហានណាម្នាក់ត្រូវរងរបួស៕