នាយិការដ្ឋមន្ត្រី Mette Frederiksen ប្រកាសថា ប្រទេសដាណឺម៉ាក នឹងដកទាំងស្រុងនូវវិធានការរឹតបន្តឹងការទប់ស្កាត់កូវីដ-១៩ ចាប់ពីថ្ងៃទី ១ កុម្ភៈ ២០២២។
Pllitico.eu កាលពីថ្ងៃទី ២៦ មករា បានឱ្យដឹងថា ការសម្រេចចិត្តខាងលើត្រូវបានលើកឡើងនៅក្នុងគ្រាដែល ដាណឺម៉ាក មានអត្រាចូលពេទ្យ និងស្លាប់ដោយសារ អូមីក្រុង ស្ថិតក្នុងរង្វង់នៃការគ្រប់គ្រង និងអត្រានៃការចាក់វ៉ាក់សាំងខ្ពស់។
នាយិការដ្ឋមន្ត្រីដាណឺម៉ាក ថ្លែងថា «យប់នេះយើងអាចរកឃើញស្នាមញញឹម។ យើងមានដំណឹងល្អបំផុត ពេលនេះយើងអាចដកបទបញ្ជារឹតបន្តឹងវិធានការទប់ស្កាត់កូវីដ-១៩ ចុងក្រោយនៅ ដាណឺម៉ាក» ក្រោយពីបានទទួលអនុសាសន៍ពីគណៈកម្មការជំនាញផ្នែកជំងឺឆ្លង និងការគាំទ្ររបស់បណ្ដាគណបក្សនយោបាយធំ។
លោកស្រី Frederiksen បន្ថែមថា៖ «ក្នុងប៉ុន្មានសប្ដាហ៍មកនេះ អត្រានៃការឆ្លងកើនឡើងខ្ពស់ ពោលគឺខ្ពស់បំផុតមិនធ្លាប់មាននាពេលកន្លង។ ដូច្នេះ ហាក់ដូចជារឿងចម្លែក និងមិនសមហេតុផលដែលយើងត្រៀមដកវិធានការរឹតបន្តឹងនានា»។
ប្រកាសរបស់ ដាណឺម៉ាក ត្រូវបានធ្វើឡើងចំពេលដែល វ៉ារ្យ៉ង់ ថ្មីមួយរបស់ អូមីក្រុង គឺ BA២ កំពុងឆ្លងរាលដាលនៅប្រទេសនេះ និងធ្វើឱ្យការឆ្លងមានការកើនឡើង ក្នុងនោះ ករណីវិជ្ជមានចំនួន ៤៦,០០០ នាក់ ត្រូវបានរកឃើញនៅ ដាណឺម៉ាក ក្នុងថ្ងៃទី ២៦ មករា។
យោងតាមអាជ្ញាធរសុខាភិបាល និងឱសថរបស់ ដាណឺម៉ាក គិតមកដល់បច្ចុប្បន្ន ប្រជាជនប្រមាណ ៨២% នៅ ដាណឺម៉ាក ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងពេញលេញ (២ ដូស) ក្នុងនោះមាន ៥០% បានចាក់ដូសទី ៣៕