ទំនងជាតាំងពីរាប់ម៉ឺនឆ្នាំមុន ប្រជាជននៅ អាហ្វ្រិក បានបង្កើតបណ្ដាញទំនាក់ទំនងសង្គមដោយមិនបាច់មាន Facebook, Twitter, TikTok ឬថ្នាលទំនាក់ទំនងទំនើបណាទាំងអស់។ ទំព័រ Sputniknews បានឱ្យដឹងថា ក្រុមបុរាណវិទូ ប្រកាសថា បានរកឃើញអ្វីមួយដែលពួកគេហៅថា «បណ្ដាញសង្គមដែលមានអាយុកាលចំណាស់ជាងគេក្នុងពិភពលោក» ដែលបានធ្វើសកម្មភាពរាប់ពាន់គីឡូម៉ែត្រ លាតសន្ធឹងចន្លោះពីភាគខាងត្បូង ទៅភាគខាងកើតនៃទ្វីបអាហ្វរិក។ បណ្ដាញទំនាក់ទំនងនេះ ត្រូវបានប្រើប្រាស់ដើម្បីជួញដូរគ្រាប់ដែលធ្វើអំពីសម្បកស៊ុតរបស់សត្វអូទ្រីស (OES)។
ក្រុមអ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថានវិទ្យាសាស្ត្រប្រវត្តិសាស្ត្រមនុស្សជាតិ Max Planck (អាល្លឺម៉ង់) បានធ្វើការស្រាវជ្រាវរយៈពេល ១ ទសវត្សរ៍អំពីគ្រាប់ OES បុរាណ ជាង ១,៥០០ គ្រាប់ ដែលត្រូវបានរកឃើញនៅក្នុងទីក្រុងចំនួន ៣០ របស់ ទ្វីបអាហ្វ្រិក។
លទ្ធផលនៃការស្រាវជ្រាវដែលត្រូវបានចុះផ្សាយលើទំព័រទស្សនាវដ្ដី Nature កាលពីពេលថ្មីៗនេះ បានបង្ហាញថា ក្រុមមនុស្សដែលបានបង្កើតគ្រាប់ OES កាលពី ៥០,០០០ ឆ្នាំមុន បានជួញដូរវាក្នុងរយៈចម្ងាយឆ្ងាយដូច្នេះ បានជួយដល់គ្រប់គ្នាចែករំលែកព័ត៌មានដែលមានលក្ខណៈជានិមិត្តរូប ក៏ដូចជាដើម្បីស្ដារទំនាក់ទំនងនៃសម្ព័ន្ធភាពរបស់ពួកគេកាលពីយុគសម័យនោះ។
Jennifer Miller ដែលជាអ្នកស្រាវជ្រាវមួយរូបប្រចាំ Max Planck និយាយថា គ្រាប់ដែលធ្វើអំពីសម្បកស៊ុតនេះគឺជាវត្ថុដែលផ្ទុករឿងរ៉ាវកាលពីអតីតកាលរបស់មនុស្ស។ ប៉ុន្តែ មកដល់ពេលនេះ មិនទាន់មានភ័ស្ដុតាងផ្នែកវប្បធម៌ណាមួយបញ្ជាក់អំពីប្រការនេះនៅឡើយ។
អ្នកស្រាវជ្រាវ Jennifer Miller បានឱ្យដឹងថា «ពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ នៅពេលបានដឹងអំពីមនុស្សដែលរស់នៅកាលពី ៤០,០០០ ទៅ ៥០,០០០ ឆ្នាំមុន បែរជាមានបណ្ដាញសង្គមមួយប្រភេទដែលលាតសន្ធឹងយ៉ាងឆ្ងាយដូច្នេះ»។
Yimming Wang ដែលជាអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានវិទ្យាសាស្ត្រប្រវត្តិសាស្ត្រមនុស្សជាតិ Max Planck ដែរនោះ ក៏បានឱ្យដឹងថា «ក្នុងរយៈពេល ៥០,០០០ ឆ្នាំ (នៃប្រវត្តិសាស្ត្រ) ដែលយើងបានស្រាវជ្រាវ នេះគឺជាអំឡុងពេលតែមួយគត់ដែលបណ្ដាគ្រាប់មានលក្ខណៈដូចគ្នា»។
លោក Yimming Wang កំពុងនិយាយអំពីការរកឃើញដែលបង្ហាញអំពីវត្តមានរបស់បណ្ដាញសង្គមបុរាណមួយដែលលានសន្ធឹងជាង ៣,០០០ គីឡូម៉ែត្រ និងភ្ជាប់ទំនាក់ទំនងរវាងតំបន់ទាំងពីររបស់ ទ្វីបអាហ្វ្រិក ជាទីដែលប្រើប្រាស់គ្រាប់ OES ស្ទើរតែដូចគ្នាទាំងស្រុង។
ប៉ុន្តែ សំណាងមិនល្អ យោងតាមអ្នកស្រាវជ្រាវ បណ្ដាញសង្គមនេះចុងក្រោយក៏បានបាត់បង់នៅឯ តំបន់អាហ្វ្រិខាងត្បូង កាលពី ៣៣,០០០ ឆ្នាំមុន។ ការបាត់បង់នេះអាចបណ្ដាលមកពីកត្តាប្រែប្រួលនៃអាកាសធាតុសកល។
សព្វថ្ងៃ ក្រុមប្រជាជនដែលរស់ដោយពឹងលើការបរបាញ់សត្វព្រៃ និងរើសគ្រាប់ឈើ នៅ ទ្វីបអាហ្វ្រិក នៅតែពាក់ខ្សែ.កដែលធ្វើអំពីសម្បកស៊ុតអូទ្រីស ប៉ុន្តែ មិនមែនក្នុងបំណងផ្លាស់ប្ដូរព័ត៌មាននោះទេ៕