មជ្ឈមណ្ឌលព្រមានអំពីធូលីភ្នំភ្លើង Darwin នៅ Darwin នៃ ប្រទេសអូស្ត្រាលី នៅថ្ងៃទី ១៧ មករានេះបានប្រកាសថា មានការផ្ទុះមួយទៀតរបស់ភ្នំភ្លើងនៅ ប្រទេសតុងហ្គា បន្ទាប់ពីមានការផ្ទុះធំៗចំនួន ២ ករណី កាលពី ២ ថ្ងៃមុន ដែលបានបង្កឱ្យមានរលកយក្សនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។
មជ្ឈមណ្ឌលព្រមានអំពីរលកយក្សប៉ាស៊ីហ្វិក ក៏បានឱ្យដឹងថា រលកធំៗបានកើតឡើងក្នុងតំបន់ ហើយវាអាចបណ្ដាលមកពីការផ្ទុះមួយចំនួនទៀតរបស់ភ្នំភ្លើងនៅ តុងហ្គា។ ពុំមានហេតុការណ៍រញ្ជួយដីណាមួយត្រូវបានរកឃើញថា បណ្ដាលឱ្យមានរលកធំៗទាំងនោះទេ។
ភ្នំភ្លើងនៅលើកោះ Hunga Ha’apai របស់ប្រទេសកោះ តុងហ្គា កាលពីថ្ងៃទី ១៤ មករា បានផ្ទុះ និងបញ្ចេញផ្សែងធូលី ចំហាយទឹក និងសារធាតុពុលចូលទៅក្នុងបរិយាកាស។ ភ្នំភ្លើងដែលស្ថិតនៅចម្ងាយ ៦៥ គីឡូម៉ែត្រទៅទិសខាងជើងនៃតំបន់ Nukualofa នេះ បានផ្ទុះកម្អែជាបន្តបន្ទាប់ចាប់ពីព្រឹកថ្ងៃដដែល បង្កើតបានជាផ្សែងធូលីកម្ពស់ពី ៥ ទៅ ២០ គីឡូម៉ែត្រ ធៀបនឹងផ្ទៃទឹកសមុទ្រ។
ប្រធានមន្ទីរស្រាវជ្រាវភូគម្ភសាស្ត្រ របស់ តុងហ្គា បានឱ្យដឹងថា ហេតុការណ៍ផ្ទុះភ្នំភ្លើងនេះអាចបង្កការខូចខាតក្នុងរង្វង់អង្កត់ផ្ចិត ៦០ គីឡូម៉ែត្រ ខ្លាំងជាងប្រហែល ៧ ដង ធៀបនឹងករណីផ្ទុះរបស់ភ្នំភ្លើង Hunga Ha’apai កាលពីចុងឆ្នាំ ២០២១។