(អ៊ីរ៉ាក់)-ប្រព័ន្ធការពារដែនអាកាស C-RAM បានបាចគ្រាប់រាប់មិនអស់ទៅលើអាកាសរបស់ ទីក្រុងបាកដាដ (Baghdad) កម្ទិចរ៉ុក្កែតដែលកំពុងសំដៅមកកាន់ ស្ថានទូតអាម៉េរិក ប៉ុន្តែ រ៉ុក្កែតមួយគ្រាប់ទំនងជាបានទម្លុះខែលការពារនេះ។
ក្រុមមន្ត្រីការពារជាតិអ៊ីរ៉ាក់ កាលពីថ្ងៃទី ១៣ មករា ឱ្យដឹងថា ស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំ រដ្ឋធានីបាកដាដ ត្រូវរងការវាយប្រហារដោយរ៉ុក្កែត យ៉ាងតិច ៣ គ្រាប់ ប៉ុន្តែ យ៉ាងហោចណាស់មានរ៉ុក្កែត ២ គ្រាប់ត្រូវបានកម្ទេចដោយប្រព័ន្ធ C-RAM របស់ស្ថានទូត។
វីដេអូនៅលើបណ្ដាញសង្គមបានបង្ហាញថា ប្រព័ន្ធ C-RAM បានជះគ្រាប់យ៉ាងវែង ទៅលើអាកាសនៃ រដ្ឋធានីរបស់ អ៊ីរ៉ាក់ ដើម្បីស្កាត់គ្រាប់រ៉ុក្កែត ប៉ុន្តែ ការផ្ទុះដ៏ធំមួយនៅតែបានកើតឡើងនៅលើដី។
កងទ័ព អ៊ីរ៉ាក់ ឱ្យដឹងថា រ៉ុក្កែតមួយគ្រាប់បានធ្លាក់ចំសាលារៀនមួយកន្លែងនៅ បាកដាដ បណ្ដាលឱ្យស្ត្រីម្នាក់ និងក្មេងម្នាក់រងរបួស ប៉ុន្តែ មិនបានបញ្ជាក់ថា អ្នកទាំងពីរគឺជាជនរងគ្រោះនៅសាលាដែលត្រូវគ្រាប់រ៉ុក្កែត ឬយ៉ាងណានោះទេ។
ថ្មីនេះ បណ្ដាមូលដ្ឋានរបស់ សហរដ្ឋអាម៉េរិក នៅ អ៊ីរ៉ាក់ ក្នុងនោះមានស្ថានទូតជាដើម បានក្លាយជាគោលដៅនៃការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក (UAV)។ សហរដ្ឋអាម៉េរិក បានចោទប្រកាន់ថា កងជីវពលអ៊ីរ៉ាក់ ដែលគាំទ្រដោយអាជ្ញាធរអ៊ីរ៉ាក់ គឺជាអ្នកនៅពីក្រោយករណីវាយប្រហារនានាមកលើមូលដ្ឋានរបស់ អាម៉េរិក នៅ អ៊ីរ៉ាក់៕