សារព័ត៌មានម៉ិកស៊ិក បានបង្ហោះវីដេអូមួយចំនួន ដែលបង្ហាញអំពីយន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់ក្រុមជួញដូរគ្រឿងញៀនដ៏ធំមួយនៅ ម៉ិកស៊ិក ទម្លាក់គ្រាប់បែកកម្ទេចជម្រករបស់គូសត្រូវ។
យោងតាមទូរទស្សន៍ RT (រុស្ស៊ី) វីដេអូនេះ ទំនងជាត្រូវបានថតពីយន្តហោះគ្មានមនុស្សបើករបស់ក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក នៅពេលកំពុងទម្លាក់គ្រាប់បែកទៅលើតង់ជម្រកនានានៅក្នុងព្រៃជ្រៅ។ ចំណែកសារព័ត៌មាន El Pais របស់ អេស្ប៉ាញ វិញ បានរាយការណ៍ថា យន្តហោះក្នុងវីដេអូនេះ ត្រូវបានគ្រប់គ្រងដោយក្រុមជួញដូរគ្រឿងញៀន Jalisco New Generation Cartel (CJNG)។
ក្រោយការទម្លាក់គ្រាប់បែបបានប៉ុន្មានវិនាទី មនុស្សម្នាក្នុងមូលដ្ឋាននេះ ក៏នាំគ្នារត់ប្រសាចរៀងៗខ្លួន។ ចំណែកយន្តហោះដែលនៅពីលើ បន្តទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ថែមទៀត។
សារព័ត៌មានដទៃទៀត យល់ថា ក្រុមសង្គមងងឹតខាងលើ ថែមទាំងវាយប្រហារសំដៅប្រជាជនដែលរស់នៅក្នុងតំបន់ ជាអ្នកដែលបាន និងកំពុងរារាំងសកម្មភាពទន្ទ្រានយកដីព្រៃធ្វើជាមូលដ្ឋានរបស់ក្រុមល្មើសច្បាប់ទៀតផង។ យ៉ាងហោចណាស់មានមនុស្សម្នាក់ត្រូវរងរបួសនៅក្នុងហេតុការណ៍ទម្លាក់គ្រាប់បែក។
កាលពីខែធ្នូ ២០២១ អង្គភាពប្រឆាំងគ្រឿងញៀនរបស់ សហរដ្ឋអាម៉េរិក បានឱ្យដឹងថា CJNG គឺជាក្រុមជួញដូរគ្រឿងញៀនដែលប្រើប្រាស់អំពើហិង្សា និងគួរឱ្យញញើតបំផុត នៅ ម៉ិកស៊ិក។ អង្គភាពនេះ ឱ្យដឹងថា «ការកម្ទេច CJNG គឺជាអាទិភាពខ្ពស់មួយ» របស់ពួកគេ ហើយថា នឹងជូនរង្វាន់ ១០,០០០,០០០ ដុល្លារ ដល់អ្នកទាំងឡាយណាដែលផ្ដល់ព័ត៌មានស្ដីពីក្រុមជួញដូរគ្រឿងញៀននេះ។
ចាប់តាំងពីខែធ្នូ ២០២១ ស្ថានភាពអំពើហិង្សាមិនត្រូវបានគ្រប់គ្រង បានបង្ខំឱ្យប្រជាជនជិតពាក់កណ្ដាល ក្នុងនោះមានទាំងក្រុមប៉ូលិសផងដែរ នៅតំបន់ក្រុង Chinicuila ត្រូវរត់ចោលស្រុក ក្នុងចំណោមនោះ មានអ្នកខ្លះបានភៀសខ្លួនទៅកាន់រដ្ឋ Colima នេះបើតាមទូរទស្សន៍ Imagen របស់ ម៉ិកស៊ិក។ ក្រុមមនុស្សជាច្រើនផ្សេងទៀត បានឆ្លងដែនពី ម៉ិកស៊ិក ទៅកាន់ សហរដ្ឋអាម៉េរិក ដើម្បីគេចពីអំពើហិង្សា៕