អវយវៈថ្មីមួយ ទើបតែត្រូវបានរកឃើញនៅក្នុងរាងកាយមនុស្ស ហើយអ្នកវិទ្យាសាស្ត្រអះអាងថា «វាខុសគេ» បើនិយាយអំពីការវះកាត់។
អ្នកវិទ្យាសាស្ត្រមួយក្រុម ដឹកនាំដោយវេជ្ជបណ្ឌិត Szilvia Mezey នៃសាកលវិទ្យាល័យ Basel (ស្វ៊ីស) និងសាស្ត្រាចារ្យ Jens Christoph Turp មកពីសាកលវិទ្យាល័យ Basel (UZB) បានរកឃើញអវយវៈថ្មីមួយនៅក្នុងរាងកាយរបស់មនុស្ស។ នោះគឺជាស្រទាប់ទី ៣ ស្ថិតនៅជ្រៅក្នុងសាច់ដុំថ្គាម (masseter) ដែលជាសាច់ដុំសំខាន់សម្រាប់ការទំពារ។
នៅក្នុងសៀវភៅសិក្សាស្ដីពីការវះកាត់ទំនើប រហូតមកដល់បច្ចុប្បន្ន គ្រាន់តែបង្ហាញថា សាច់ដុំថ្គាមមានតែ ២ ស្រទាប់ប៉ុណ្ណោះ ក្នុងនោះ ស្រទាប់មួយនៅជ្រៅ និងស្រទាប់មួយទៀតនៅខាងលើ។
ក្រុមអ្នកវិទ្យាសាស្ត្របានវះកាត់ក្បាលរបស់សាកសពចំនួន ១២ នាក់ ដែលត្រូវបានរក្សាទុកក្នុងសារធាតុ formaldehyde និងថត CT សាកសពចំនួន ១៦ នាក់ រួចហើយពិនិត្យមើលរូបភាពថត MRI របស់មនុស្សដែលនៅរស់។ ពួកគេបានរកឃើញថា ស្រទាប់ទី ៣ នៃសរសៃពួរសាច់ដុំថ្គាម មានភាព «ខុសប្លែកចំពោះផ្នែកវះកាត់»។
ស្រទាប់ដែលនៅជ្រៅនេះ អាចត្រូវបានបែងចែកច្បាស់ជាមួយនឹងស្រទាប់ចំនួន ២ ទៀត ទាក់ទងនឹងដំណើរការ និងមុខងាររបស់វា» វេជ្ជបណ្ឌិត Mezey ឱ្យដឹងដូច្នេះ។
ស្រទាប់សរសៃពួរសាច់ដុំថ្គាមថ្មីដែលទើបត្រូវបានរកឃើញ គឺជាផ្នែកតែមួយគត់របស់សរសៃពួរសាច់ដុំថ្គាមដែលអាចទាញឆ្អឹងថ្គាមទៅក្រោយ នេះបើតាមលោក Mezey។
ក្រុមអ្នកវិទ្យាសាស្ត្របានស្នើឱ្យដាក់ឈ្មោះស្រទាប់សាច់ដុំថ្គាមថ្មីនេះថា « Musculus masseter pars coronidea »។
គ្រប់គ្នាប្រហែលជាមានការភ្ញាក់ផ្អើលនៅពេលអ្នកស្រាវជ្រាវរកឃើញអវយវៈថ្មីរបស់រាងកាយ។ ប៉ុន្តែ កាលពីឆ្នាំ ២០២០ អ្នកវិទ្យាសាស្ត្រមួយក្រុមផ្សេងទៀត ក៏បានរកឃើញក្រពេញទឹកមាត់ថ្មីមួយដែលស្ថិតនៅក្នុងក្បាលរបស់មនុស្ស៕