យានចុះចត Chang’e ៥ របស់ ប្រទេសចិន បានរកឃើញសញ្ញារបស់ទឹកនៅក្នុងសំណាកដី និងថ្ម ដែល បានយកពីទីតាំងចុះចតលើឋានព្រះចន្ទ។
ក្រុមអ្នកវិទ្យាសាស្ត្ររបស់ ប្រទេសចិន បានប្រកាសលទ្ធផលនៃការស្រាវជ្រាវរបស់ពួកគេ បង្ហាញថា យានចុះចតលើឋានព្រះចន្ទ Change’e ៥ បានរកឃើញសញ្ញារបស់ទឹកនៅត្រង់កន្លែងចុះចត។ យាននេះបានចុះចតលើឋានព្រះចន្ទកាលពីថ្ងៃទី ១ ធ្នូ ២០២០ ដើម្បីយកសំណាកថ្ម និងដីមកពិសោធ។ សំណាកនេះ ក្រោយមកក៏ត្រូវបានបញ្ជូនឡើងទៅឱ្យយានមួយគ្រឿងដែលកំពុងគោចរជុំវិញឋានព្រះចន្ទ ហើយក៏ត្រូវបានបញ្ជូនបន្តមកកាន់ផែនដីកាលពីថ្ងៃទី ១៧ ធ្នូ ២០២០។ យានអវកាសចិន បាននាំយកសំណាកដី និងថ្មពីឋានព្រះចន្ទ ទម្ងន់សរុប ១,៧៣១ ក្រាម មកកាន់ផែនដី។
យោងតាមលទ្ធផលនៃការស្រាវជ្រាវថ្មីបំផុតដែលត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Science Advances កាលពីថ្ងៃទី ៨ មករា ២០២២ ដីរបស់ព្រះចន្ទត្រង់តំបន់ចុះចតរបស់យានអវកាសចិន មានផ្ទុកទឹកមិនដល់ ១២០ ppm (ឬស្មើនឹង ១២០ ក្រាម/ដី ១ តោន) ចំណែកដុំថ្មស្រាល ១ ដុំ នៅទីនោះ មានផ្ទុកទឹក ១៨០ ppm ដែលនេះស្ងួតជាងឆ្ងាយធៀបនឹងផែនដី។
Lin Honglei ដែលជាអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានភូគព្ភសាស្ត្រនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានឱ្យដឹងថា ការរកឃើញថ្មីនេះគឺជាការផ្ដល់ទិន្នន័យបន្ថែមសម្រាប់បេសកកម្ម Chang’e ៦ និង Chang’e ៧ របស់ ចិន នាពេលអនគត៕