អង្គការ CSTO (Collective Security Treaty Organization) ដែលជាសម្ព័ន្ធភាពយោធាមានសមាជិក ៦ ប្រទេស ដោយនាំមុខដោយ ប្រទេសរុស្ស៊ី គឺជាយន្តការស្របច្បាប់ដែលអនុញ្ញាតឱ្យ រុស្ស៊ី ដាក់ពង្រាយកងទ័ព និងគ្រប់គ្រងស្ថានការណ៍នៅ កាហ្សាក់ស្ថាន បានយ៉ាងឆាប់រហ័ស។
អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) កាលពីថ្ងៃទី ៥ មករា បានយល់ព្រមបញ្ជូនកម្លាំងរក្សាសន្តិសុខទៅជួយរដ្ឋាភិបាលនៃ ប្រទេសកាហ្សាក់ស្ថាន ទៅតាមសំណើរបស់ប្រធានាធិបតីប្រទេសនេះ ដើម្បីកែប្រែស្ថានការណ៍ បន្ទាប់ពីបាតុកម្មប្រឆាំងប្រេងឡើងថ្លៃ បានក្លាយជាអំពើហិង្សា។
ក្រោយពី រុស្ស៊ី បានបញ្ជូនទ័ពទៅកាន់ កាហ្សាក់ស្ថាន ក្នុងនាម CSTO ភាពវឹកវរនៅប្រទេសនេះក៏មានសញ្ញាល្អប្រសើរឡើងវិញ ជួយឱ្យកងកម្លាំងរបស់រដ្ឋាភិបាលកាហ្សាក់ស្ថាន ក្រឡាស់ស្ថានការណ៍ បើកយុទ្ធនាការបង្ក្រាបទូទាំងប្រទេស កម្ចាត់ក្រុមប្រដាប់អាវុធរាប់សិបនាក់ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ។
ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី ៧ មករា និយាយថា កងកម្លាំង CSTO បំពេញបេសកកម្មការពារព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតនៅ កាហ្សាក់ស្ថាន។
បច្ចុប្បន្ន អង្គការ CSTO មានសមាជិកចំនួន ៦ ប្រទេស រួមាន រុស្ស៊ី, អាមេនី, បេឡារូស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និង តាហ្ស៊ីគីស្ថាន។ អង្គការយោធានេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩២ បន្តពីព្រឹត្តិការណ៍បង្កើតសហគមន៍ប្រទេសឯករាជ្យ (SNG) ក្រោយពី សហភាពសូវៀត បានដួលរលំ។
CSTO មានការិយាល័យកណ្ដាលនៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ប៉ុន្តែ កៅអីប្រធានត្រូវបានបណ្ដាប្រទេសជាសមាជិកប្ដូរវេនគ្នាគ្រប់គ្រង ហើយរាល់ការសម្រេចត្រូវបានដាក់ចេញទៅតាមការយល់ស្របពីសមាជិក។ CSTO ធ្វើសមយុទ្ធយោធាជារៀងរាល់ឆ្នាំ និងមិនអនុញ្ញាតឱ្យសមាជិកណាមួយចូលរួមក្នុងអង្គការសម្ព័ន្ធភាពយោធាដទៃ ដូចជា NATO ជាដើម។
CSTO អនុញ្ញាតឱ្យបណ្ដាប្រទេសជាសមាជិក ដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសជាសមាជិករបស់ពួកគេ និងអាចទិញអាវុធទៅតាមតម្លៃក្នុងស្រុករបស់ រុស្ស៊ី ព្រមទាំងបង្កើតប្រព័ន្ធការពារដែនអាកាសរួម៕