អ្នកវិទ្យាសាស្ត្រជាច្រើនយល់ថា ការរកឃើញ វីរុសកូវីដ-១៩ ប្រភេទកូនកាត់រវាង ដេលតា (Delta) និង អូមីក្រុង (Omicron) អាចជា «កំហុសបច្ចេកទេស» ក្នុងបន្ទប់ពិសោធន៍ ចំណែកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Cyprus បានច្រានចោលការយល់ឃើញនេះ។
Leondios Kostrikis សាស្ត្រាចារ្យផ្នែកជីវសាស្ត្រប្រចាំសាកលវិទ្យាល័យ Cyprus កាលពីថ្ងៃទី ៧ មករា បានឱ្យដឹងថា លោក និងសហការី បានរកឃើញ វ៉ារ្យ៉ង់ ថ្មីមួយរបស់ កូវីដ-១៩ ដែលក្រុមរបស់លោកបានដាក់ឈ្មោះឱ្យថា ដេលតាក្រុង (Deltacron) ព្រោះវាមាន ហ្សេន ដូច ដេលតា ប៉ុន្តែមានលក្ខណៈនៃការប្រែប្រួលដូចទៅនឹង អូមីក្រុង។ សាស្ត្រាចារ្យ Leondios Kostrikis ប្រកាសថា បានរកឃើញករណីវិជ្ជមាននឹង ដេលតាក្រុង ចំនួន ២៥ នាក់រួចហើយ។
ការប្រកាសរបស់ Leondios Kostrikis ក៏បានធ្វើឱ្យមានមន្ទិលសង្ស័យនៅក្នុងសហគមន៍អ្នកវិទ្យាសាស្ត្រ។ «ការរកឃើញរបស់សាកលវិទ្យាល័យ Cyprus ទំនងជាកើតឡើងដោយសារកំហុសបច្ចេកទេសនៅក្នុងការបែងចែក ហ្សែន របស់ វីរុស» សាស្ត្រាចារ្យ Nick Loman នៃសាកលវិទ្យាល័យ Birmingham របស់ អង់គ្លេស បានថ្លែងដូច្នេះកាលពីថ្ងៃទី ៩ មករា។
វេជ្ជបណ្ឌិត Tom Peacok នៃសាកលវិទ្យាល័យក្រុងឡុងដ៍ (Imperial College London) អះអាងថា បញ្ហាច្រឡំរវាងសំណាក កើតឡើងញឹកញាប់នៅក្នុងដំណើរការនៃការបែងចែក ហ្សែន នៅក្នុងបន្ទប់ពិសោធន៍។ Peacok ក៏បានដាក់ការសង្ស័យទៅលើពេលវេលានៃការកើតមាន ដេលតាក្រុង ផងដែរ «ដោយសារតែបាតុភូតរួមបញ្ចូលគ្នារបស់វីរុស តែងតែមិនកើតឡើងនៅក្នុងរង្វង់ច្រើនសប្ដាហ៍ ដល់ច្រើនខែ បន្ទាប់ពី វ៉ារ្យ៉ង់ ទាំង ២ ប្រភេទ បាននៅជាមួយគ្នា»។
ប្រតិកម្មនឹងការមន្ទិលខាងលើ នៅក្នុងសារអេឡិចត្រូនិកមួយ កាលពីថ្ងៃទី ៩ មករា សាស្ត្រាចារ្យ Kostrikis ឱ្យដឹងថា ករណីវិជ្ជមាននឹង ដេលតាក្រុង ដែលក្រុមរបស់លោកបានរកឃើញ «មិនមែនជាលទ្ធផលនៃបាតុភូតរួមបញ្ចូលគ្នា» ប៉ុន្តែវាជាសញ្ញារបស់ «សម្ពាធនៃវិវត្តន៍ចំពោះ វ៉ារ្យ៉ង មុនៗ នាំឱ្យបង្កើតបានជាប្រភេទនេះ»។
លោក Kostrikis អះអាងថា សំណាកទាំងឡាយរបស់អ្នកជំងឺត្រូវបានពិនិត្យទៅតាមដំណាក់កាលនៃការបែងចែក ហ្សេន នៅក្នុងប្រទេសជាច្រើន ក្នុងនោះក៏មានបន្ទប់ពិសោធន៍នៅ ប្រទេសអ៊ីស្រាអែល ផងដែរ។
សាធារណរដ្ឋស៊ីប ឬសាយប្រឹស (Cyprus) គឺជាប្រទេសកោះមួយដែលស្ថិតនៅក្នុងភាគខាងកើតនៃឈូងសមុទ្រ មេឌីទែរ៉ាណេ និងមានប្រជាជនជាង ១.២ លាននាក់។ ប្រទេសនេះ បានចាក់វ៉ាក់សាំងពេញលេញដល់ប្រជាជនជាង ៥០% រួចហើយ៕