គម្រោងសាងសង់មូលដ្ឋានលើឋានព្រះចន្ទរួមរបស់ ចិន និង រុស្ស៊ី ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងបម្រាមរបស់ សហរដ្ឋអាម៉េរិក និងក្នុងបំណងមានប្រៀបជាងគេនៅក្នុងការដណ្ដើមផលប្រយោជន៍ជាយុទ្ធសាស្ត្រ។
ខាងលើនេះគឺជាការអះអាងរបស់អ្នកវិភាគផ្នែកសន្តិសុខសកល Gabriel Honrada នៅលើទំព័រសារព័ត៌មានអាស៊ី Asiatimes.com ដែលបានចុះផ្សាយកាលពីថ្ងៃទី ៣ មករា។
អ្នកជំនាញ Honrada បានឱ្យដឹងថា ចិន និង រុស្ស៊ី មានផែនការសាងសង់មូលដ្ឋានរួមនៅលើឋានព្រះចន្ទនៅឆ្នាំ ២០២៧ លឿនជាង ៨ ឆ្នាំ ធៀបនឹងគម្រោងដំបូង។ មូលដ្ឋានដែលត្រូវបានហៅថា ស្ថានីយស្រាវជ្រាវព្រះចន្ទអន្តរជាតិ (ILRS) នេះ នឹងរួមមាន ផ្នែកស្រាវជ្រាវទាំងឡាយដែលរចនាឡើងសម្រាប់សកម្មភាពវិទ្យាសាស្ត្រមួយចំនួនដូចជា ការរុករក ការសង្កេត ការពិសោធជាក់ស្ដែង និងការផ្ទៀងផ្ទាត់បច្ចេកវិទ្យានៅលើឋានព្រះចន្ទ។
ប្រទេសចិន កំពុងមានគម្រោងបាញ់បង្ហោះយានអវកាសស្រាវជ្រាវព្រះចន្ទ Chang’e 8 ដែលជាផ្នែកមួយនៃការចាប់ផ្ដើមបង្កើត ILRS។ បច្ចុប្បន្ន វត្តមានរបស់ ចិន នៅលើឋានព្រះចន្ទ រួមមាន យានចុះចត Chang’e 4 និងយានរុករក Yutu 2 ត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ ២០១៩ ដែលជាការចូលទៅកាន់តំបន់ងងឹតនៅលើឋានព្រះចន្ទជាលើកដំបូងរបស់មនុស្សជាតិ។
គម្រោងសាងសង់មូលដ្ឋានលើឋានព្រះចន្ទរួមរបស់ ចិន និង រុស្ស៊ី អាចត្រូវបានគេចាត់ទុកថាជាប្រតិកម្មចំពោះការដែល សហរដ្ឋអាម៉េរិក ហាមមិនឱ្យ ចិន ចូលរួមក្នុងបេសកកម្មអវកាស Artemis របស់ អាម៉េរិក។ គោលដៅនៃបេសកកម្ម Artemis គឺដើម្បីក្លាយជាប្រទេសដំបូងគេដែលមានវត្តមានយូរអង្វេងនៅលើឋានព្រះចន្ទ។
ប្រទេសចិន ត្រូវបានហាមមិនឱ្យចូលរួមក្នុងគម្រោងអវកាសនានាជាមួយនឹង សហរដ្ឋអាម៉េរិក បន្ទាប់ពី ទីក្រុងវ៉ាស៊ីងតោន ហាម NASA សហការជាមួយ ចិន ដោយមិនមានការអនុញ្ញាតជាពិសេសរបស់សភា កាលពីឆ្នាំ ២០១១។ ដូច្នេះ ប្រទេសចិន ត្រូវមានម្ចាស់ការនៅក្នុងកម្មវិធីអវកាសរបស់ខ្លួន។
ចំណែក រុស្ស៊ី វិញ បានបដិសេធការចុះកិច្ចព្រមព្រៀង Artemis ដោយយល់ថា កម្មវិធីអវកាសនេះមានការផ្ដោតសំខាន់ខ្លាំងពេកទៅលើ សហរដ្ឋអាម៉េរិក។
ក្នុងគ្រាបច្ចុប្បន្ន ការរត់ប្រណាំងដើម្បីបង្កើតវត្តមានយូរអង្វែងលើឋានព្រះចន្ទ រវាង រុស្ស៊ី ចិន និង អាម៉េរិក ត្រូវបានបែងចែកដោយកត្តានយោបាយ សេដ្ឋកិច្ច និងយោធា៕