(ឥណ្ឌា)-អ្នកបើកបររថយន្តក្រុងម្នាក់ នៅប្រទេស ឥណ្ឌា ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល ១៩០ ឆ្នាំ ព្រោះតែបានបង្កឱ្យមានមនុស្សស្លាប់ចំនួន ១៩ នាក់ កាលពីខែឧសភា ឆ្នាំ ២០២១។
កាលពីចុងសប្ដាហ៍កន្លង តុលាការខណ្ឌ Panna ក្នុងរដ្ឋ Madhya Pradesh នៃប្រទេស ឥណ្ឌា បានកាត់ទោសដាក់ពន្ធនាគារចំពោះជនល្មើស ឈ្មោះ Mohammad Shamshuddin អាយុ ៤៧ ឆ្នាំ រយៈពេល ១៩០ ឆ្នាំ ដែលស្មើនឹង ១០ ឆ្នាំ លើជនរងគ្រោះម្នាក់។
យោងតាមបទចោទ រថយន្តក្រុងដឹកអ្នកដំណើរ ៦៥ នាក់ ដែលបើកបរដោយឈ្មោះ Shamshuddin បានធ្លាក់ពីលើស្ពាន ចូលទៅក្នុងព្រែកគោកមួយដែលនៅខាងក្រោម។ រថយន្តត្រូវភ្លើងឆាបឆេះ ហើយអណ្ដាតភ្លើងសន្ធោសន្ធៅបានធ្វើឱ្យមនុស្សចំនួន ១៩ នាក់ ត្រូវបាត់បង់ជីវិត និងជាង ១០ នាក់ផ្សេងទៀត ត្រូវរងរបួស។ លទ្ធផលនៃការស៊ើបអង្កេតបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីការបើកបរធ្វេសប្រហែសរបស់ Shamshuddin ការផ្លាស់ប្ដូរទ្រង់ទ្រាយនៃច្រកចេញបន្ទាន់ ការចងខ្សែ នាំឱ្យអ្នកដំណើរលើរថយន្តត្រូវជាប់គាំង មិនអាចរំដោះខ្លួនចេញបាន នៅពេលភ្លើងឆេះ។
ឥណ្ឌា គឺជាប្រទេសដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេបង្អស់ក្នុងពិភពលោក។ ជារៀងរាល់ឆ្នាំមានមនុស្សរាប់ម៉ឺននាក់បានបាត់បង់ជីវិតនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែការធ្វេសប្រហែស កំហុសនៃការសាងសង់ផ្លូវ កត្តាផ្លូវច្បាប់ និងអំពើពុករលួយ។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកស្ថិតក្នុងក្រុមដែលបង្កការស្លាប់ខ្ពស់បំផុតនៅ ឥណ្ឌា។
យោងតាមការិយាល័យទិន្នន័យជាតិស្ដីពីបទល្មើសរបស់ ឥណ្ឌា យ៉ាងហោចណាស់មានប្រជាជនចំនួន ១៣៣,៧១៥ នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ ២០២០ ក្នុងនោះ ប្រហែល ៧៩,០០០ ករណី កើតឡើងដោយសារការបើកបរធ្វេសប្រហែស ប៉ុន្តែ ការប្ដឹងឡើងតុលាការគឺមានកម្រិតទាប៕