ក្រុមមន្ត្រីរបស់ប្រទេសចិន បានចោទថា ផ្កាយរណប Starlink មួយចំនួនរបស់ក្រុមហ៊ុន SpaceX ប៊ិះប៉ះទង្គិចជាមួយនឹងស្ថានីយអវកាស Tiangong របស់ ប្រទេសចិន ចំនួន ២ លើក ក្នុងអំឡុងប៉ុន្មានខែកន្លង។
ក្រុមមន្ត្រីចិន កាលពីដើមខែធ្នូ ២០២១ បានបញ្ជូនឯកសារទៅកាន់ការិយាល័យគ្រប់គ្រងសកម្មភាពអវកាសរបស់អង្គការសហប្រជាជាតិ (UNOOSA)។ ឯកសារនេះឱ្យដឹងថា ផ្កាយរណបនៃសេវាកម្មអ៊ីនធើណិត Starlink របស់ក្រុមហ៊ុនអាម៉េរិក SpaceX បានហោះមកក្បែរស្ថានីយអវកាស Tiangong កាលពីថ្ងៃទី ១ កក្កដា និងថ្ងៃទី ២១ តុលា ឆ្នាំ ២០២១។
«ដើម្បីសុវត្ថិភាព ស្ថានីយអវកាសរបស់ប្រទេសចិន ត្រូវអនុវត្តវិធានការចល័តដើម្បីបញ្ចៀសការប៉ះទង្គិច» ឯកសារដែលបានប្រកាសនៅលើគេហទំព័រ UNOOSA នាថ្ងៃនេះ មានឃ្លាសរសេរដូច្នេះ។
ព័ត៌មានខាងលើ មិនទាន់ត្រូវបាន UNOOSA ឬស្ថាប័នឯករាជ្យណាមួយទទួលស្គាល់នៅឡើយ។ ចំណែកក្រុមហ៊ុន SpaceX ដែលគ្រប់គ្រងដោយ Elon Musk ក៏មិនទាន់មានប្រតិកម្មអ្វីដែរ ទាក់ទងនឹងបញ្ហានេះ។
ប្រព័ន្ធផ្កាយរណប Starlink របស់ SpaceX ជិត ១,៩០០០ គ្រឿង ត្រូវបានបាញ់បង្ហោះឡើងទៅកាន់គន្លងគោចរដើម្បីផ្គត់ផ្គង់អ៊ីនធើណិតដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក ពិសេសគឺតំបន់ដាច់ស្រយាលដែលមិនអាចភ្ជាប់អ៊ីនធើណិតតាមវិធីធម្មតាបាន។
ប្រទេសចិន ចាប់ផ្ដើមសាងសង់ស្ថានីយអវកាស Tiangong កាលពីខែមីនា ២០២១។ តាមផែនការ គម្រោងនេះនឹងត្រូវធ្វើរួចរាល់នៅចុងឆ្នាំ ២០២២៕