កោះតៃវ៉ាន់ ត្រៀមរារាំងបណ្ដាក្រុមហ៊ុនរបស់កោះនេះ លក់ទ្រព្យ ឬក្រុមហ៊ុនបុត្រសម្ព័ន្ធនៅ ចិនដីគោក ក្នុងបំណងទប់ស្កាត់ហានិភ័យនៃការបែកធ្លាយព័ត៌មានសម្ងាត់ស្ដីពីបច្ចេកវិទ្យា។
ស្ថាប័នគ្រប់គ្រងសេដ្ឋកិច្ចរបស់ កោះតៃវ៉ាន់ កាលពីថ្ងៃទី ១៥ ខែធ្នូ បានឱ្យដឹងថា កំពុងតែកែសម្រួលច្បាប់បច្ចុប្បន្ន ដើម្បីអាចតម្រូវឱ្យបណ្ដាក្រុមហ៊ុននៅលើកោះនេះ សុំការអនុញ្ញាត បើសិនចង់លក់ ឬកាត់បន្ថយទ្រព្យ រោងចក្រ ឬក្រុមហ៊ុនបុត្រសម្ព័ន្ធនៅឯ ចិនដីគោក។ ប្រការនេះត្រូវបានគេយល់ថាគឺដើម្បីទប់ស្កាត់ការបែកធ្លាយព័ត៌មានបច្ចេកវិទ្យាជាន់ខ្ពស់របស់ តៃវ៉ាន់ ទៅ ប្រទេសចិន។
ការកំណត់ថ្មី ដែលត្រូវបានរៀបចំឡើងដើម្បីការពារបច្ចេកវិទ្យាឈីបដ៏មានតម្លៃរបស់ កោះតៃវ៉ាន់ ត្រូវបានបញ្ជូនទៅកាន់សភា កាលពីថ្ងៃទី ១៥ ខែធ្នូរួចហើយ ដើម្បីពិនិត្យ និងអនុម័ត ហើយវាអាចចូលជាធរមានចាប់ពីចុងឆ្នាំ ២០២១ ឬខែមករា ២០២២។
នាបច្ចុប្បន្ន ខ្ទង់វិនិយោគរបស់បណ្ដាក្រុមហ៊ុនតៃវ៉ាន់ នៅឯ ចិនដីគោក រួមទាំងការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺសុទ្ធតែត្រូវបានតម្រូវឱ្យសុំការអនុញ្ញាតពីកោះនេះ។ ប៉ុន្តែ ដំណើរការនៃការប្ដូរផ្លាស់ម្ចាស់កម្មសិទ្ធិក្រោយមក មិនត្រូវការការយល់ព្រមពីមន្ត្រីនៅ តៃវ៉ាន់ ប្រការនេះធ្វើឱ្យមានការព្រួយបារម្ភចំពោះហានិភ័យនៃការបែកធ្លាយបច្ចេកវិទ្យា នៅក្នុងគ្រាដែលបងប្អូនគូសត្រូវនេះ ប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ទាក់ទិននឹងជម្លោះទឹកដី៕