សមាជិកនៃក្រុមប្រឆាំងវ៉ាក់សាំងជ្រុលនិយម នៅក្នុងរដ្ឋ Sachsen (Saxony) ត្រូវបានចោទប្រកាន់ពីបទមានផែនការវាយប្រហារដោយស្នា និងការគំរាមធ្វើឃាតលោកអភិបាល Michael Kretschmer។
សមត្ថកិច្ចរដ្ឋ Sachsen កាលពីថ្ងៃទី ១៥ ធ្នូ ឱ្យដឹងថា កងកម្លាំងសន្តិសុខ ក្នុងនោះមានអង្គភាពពិសេសប្រឆាំងអំពើជ្រុលនិយម Soko Rex បានឆ្មក់ចូលទីតាំងមួយ ដើម្បីជាការប្រតិកម្មទៅនឹងការគំរាមធ្វើឃាតអភិបាលរដ្ឋ Michael Kretschmer ដែលផែនការនេះត្រូវបានបង្ហើបឱ្យដឹងនៅក្នុងខ្សែភាពយន្តឯកសារមួយដែលបានផ្សាយតាមទូរទស្សន៍អាល្លឺម៉ង់ កាលពីសប្ដាហ៍មុន។
ផែនការធ្វើឃាតអភិបាលរដ្ឋ Sachsen លោក Kretschmer ត្រូវបានក្រុមអ្នកយកព័ត៌មានរបស់ អាល្លឺម៉ង់ លាតត្រដាង បន្ទាប់ពីពួកគេបានជ្រៀតចូលក្នុងក្រុមអ្នកប្រឆាំងវ៉ាក់សាំង មានសមាជិកប្រមាណ ១០០ នាក់ ដែលទាក់ទងគ្នាតាមរយៈកម្មវិធីផ្ញើសារ Telegram។
សមាជិកម្នាក់របស់ក្រុមខាងលើបាននិយាយថា បានត្រៀមអាវុធរួចរាល់សម្រាប់ការវាយប្រហារ។ ពួកគេបានពិភាក្សាអំពីផែនការធ្វើឃាតលោកអភិបាល រួមនឹងមន្ត្រីមួយចំនួនរបស់រដ្ឋ Sachsen។ នេះបើតាមការឱ្យដឹងរបស់សមត្ថកិច្ច។
ទាក់ទងនឹងបញ្ហា កូវីដ-១៩ លោក Kretschmer ដំបូងឡើយ មានការជំទាស់ទៅនឹងវិធានការរឹតបន្តឹងនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ ប៉ុន្តែ នៅពេល Sachsen ក្លាយជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរដោយសារវីរុសនេះ លោក Kretschmer ក៏បានផ្លាស់ប្ដូរជំហរ។
លោក Kretschmer ថ្លែងថា ក្រុមមន្ត្រីកំពុងតែរត់ប្រណាំងជាមួយនឹងពេលវេលា នៅក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជន។
នាយរដ្ឋមន្ត្រី នៃ ប្រទេសអាល្លឺម៉ង់ លោក Olaf Scholz បានគាំទ្រសំណើដែលទាក់ទិននឹងការតម្រូវឱ្យចាក់វ៉ាក់សាំងចំពោះពលរដ្ឋពេញវ័យនៅ អាល្លឺម៉ង់ ចាប់ពីដើមឆ្នាំ ២០២១។
បាតុកម្មជាច្រើនត្រូវបានបង្កើតឡើងនៅ អាល្លឺម៉ង់ ដើម្បីប្រឆាំងនឹងបម្រាមគោចរ។ បាតុករប្រមាណ ៣,៥០០ នាក់ បានចូលរួមធ្វើបាតុកម្មនៅទីក្រុង Magdeburg ភាគខាងកើតរបស់ ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ១៣ ធ្នូ។
យ៉ាងហោចណាស់ មានសំបុត្រគំរាមចំនួន ១០ ច្បាប់ ដែលខាងក្នុងមានផ្ទុកសាច់ស្រស់ ត្រូវបានផ្ញើទៅកាន់អ្នកនយោបាយ អង្គភាពសារព័ត៌មាន និងស្ថាប័នរដ្ឋាភិបាលអាល្លឺម៉ង់។ សារព័ត៌មានប្រទេសនេះយល់ថា នេះគឺជាការគំរាមអំពី «ការប្រឆាំងប្រកបដោយការបង្ហូរឈាម» តបតនឹងបទបញ្ជាតម្រូវឱ្យចាក់វ៉ាក់សាំង។
នាយរដ្ឋមន្ត្រី Olaf Scholz បានថ្កោលទោសចំពោះអំពើទាំងឡាយរបស់ក្រុមអ្នកប្រឆាំងវ៉ាក់សាំងខាងលើ។
Telegram កំពុងត្រូវបានរិះគន់នៅ ប្រទេសអាល្លឺម៉ង់ និងត្រូវគេចោទថា កំពុងបិទបាំងទោសកំហុសរបស់ក្រុមអ្នកជ្រុលនិយមប្រឆាំងវ៉ាក់សាំងបង្ការជំងឺកូវីដ-១។
មន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋ Lower Saxony កាលពីថ្ងៃទី ១៤ ធ្នូ ឱ្យដឹងថា ផ្សារលក់កម្មវិធីរបស់ Google និង Apple គួរតែលុប Telegram ចេញពីថ្នាលបច្ចេកវិទ្យារបស់ពួកគេ បើសិនម្ចាស់ Telegram បដិសេធការដោះស្រាយខ្លឹមសារជ្រុលនិយម៕