ផ្កាយដុះកន្ទុយ Leonard ដែលមានគន្លងគោចរ ៨០,០០០ ឆ្នាំ កំពុងហោះមកកាន់តែជិតផែនដី ហើយនឹងក្លាយជាផ្កាយដុះកន្ទុយដែលមានពន្លឺចែងចាំងជាងគេបំផុតក្នុងឆ្នាំ ២០២១ ដែលនឹងនាំមកនូវឱកាសនៃការទស្សនាដ៏កម្រដល់អ្នកស្រលាញ់វិស័យតារាសាស្ត្រ។
ក្រុមអ្នកថតរូបក្នុងវិស័យតារាសាស្ត្រក្នុងពិភពលោក កំពុងតែប្រើប្រាស់ឱកាសដ៏កម្រដើម្បីផ្ដិតយករូបភាពនៃផ្កាយដុះកន្ទុយ Leonard នៅពេលវាគោចរមកក្បែរផែនដី នេះបើតាម Newsweek ដែលបានចុះផ្សាយកាលពីថ្ងៃទី ៩ ធ្នូ។ Leonard ឬ C/2021 A1 គឺជាផ្កាយដុះកន្ទុយដែលមានពន្លឺខ្លាំងបំផុតក្នុងឆ្នាំនេះ។ វាត្រូវបាន Gregory J. Leonard តារាវិទូនៃសាកលវិទ្យាល័យ Arizona រកឃើញកាលពីខែមករា ២០២។
ប៉ុន្មានខែក្រោយមក ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា គន្លងគោចររបស់ Leopard នឹងនាំវាមកជិតផែនដី ហើយគ្រប់គ្នាទំនងជាអាចមើលឃើញវាដោយភ្នែកទទេនៅក្នុងខែធ្នូនេះ។ ប៉ុន្តែ ការប្រើប្រាស់កែវយឹត នឹងអាចជួយឱ្យការសង្កេតមើលផ្កាយដុះកន្ទុយនេះ មានភាពងាយស្រួលជាងភ្នែកទទេ។
នៅ អាម៉េរិកខាងជើង និងតំបន់ដែលមានរយៈទទឹងដូចគ្នានេះ អ្នកចូលចិត្តវិស័យតារាសាស្ត្រអាចមើលឃើញ Leonard ដោយសង្កេតទៅទិសខាងកើតប្រហែល ៤៥ នាទី មុនថ្ងៃរះ ដោយវាស្ថិតនៅខាងក្រោមកញ្ចុំផ្កាយ Big Dipper និង Arcturus។ ព្រឹត្តិការណ៍នេះនឹងកើតឡើងនៅថ្ងៃទី១២ ធ្នូ ២០២។ បន្ទាប់មក ពេលវេលាដែលល្អបំផុតសម្រាប់ការសង្កេតផ្កាយដុះកន្ទុយនេះគឺនៅវេលាយប់ បន្ទាប់ពីព្រះអាទិត្យបានលិចបាត់ ហើយគ្រប់គ្នានឹងអាចមើលឃើញវាស្ថិតនៅទិសនិរតី នៅពេលវាផ្លាស់ទីឆ្លងកាត់ភពសុក្រ (Venus), ភពពុធ (Mercury) ឆ្ពោះទៅកាន់ភពសៅរ៍ (Saturn) និងភាពព្រហស្បតិ៍ (Jupiter)។
Leonard មានគន្លងគោចរព័ទ្ធជុំវិញព្រះអាទិត្យ ដោយ ១ ឆ្នាំរបស់វា ស្មើនឹង ៨០,000 ឆ្នាំលើផែនដី។ មនុស្សនៅលើផែនដី នឹងមិនអាចមើលឃើញវាក្នុងរយៈពេលយ៉ាងយូរទៀតក្រោយព្រឹត្តិការណ៍ថ្ងៃទី ១២ ធ្នូ ដោយសារតែគន្លងគោចរដ៏ធំ និងមានរាងដូចពងក្រពើរបស់វា។
ផ្កាយដុះកន្ទុយគឺជាវត្ថុអវកាសរួមមាន ទឹកកក ឧស្ម័ន និងថ្ម ដែលគោចរជុំវិញព្រះអាទិត្យ។ នៅពេលទៅក្បែរព្រះអាទិត្យ ពួកវានឹងឡើងកំដៅ ហើយបញ្ចេញចំហាយ និងវត្ថុធាតុទៅខាងក្រោយ ដែលបង្កើតបានជាកន្ទុយដែលអាចវែងរហូតដល់រាប់លានគីឡូម៉ែត្រ ក៏មាន។ ចុងក្រោយ ពួកវាអាចនឹងបាត់ខ្លួនជារៀងរហូត នៅពេលចំហាយ និងវត្ថុធាតុនៅលើវា បានរលាយអស់ចូលទៅក្នុងទីអវកាស។
បច្ចុប្បន្ន មានផ្កាយដុះកន្ទុយចំនួន ៣,៧៤៣ ដួង ដែលត្រូវបានរកឃើញ ប៉ុន្តែ តួលេខសរុប អាចឡើងដល់រាប់ពាន់លានដួង ដែលកំពុងគោចរជុំវិញព្រះអាទិត្យ នេះបើតាមទីភ្នាក់ងារអវកាសអាម៉េរិក (NASA)៕